សហរដ្ឋអាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក Nasa បាននិយាយថា អវកាសយានិករុស្ស៊ីមួយរូបបានបោះបង់ចោលការដើរនៅលើទីអវកាសភ្លាមៗ ដោយសារបញ្ហាថាមពលថ្មនៅលើអាវអវកាសរបស់លោក។ អង្គការ Nasa និយាយថា លោក Oleg Artemyev វ័យ ៥១ឆ្នាំមិនដែលជួបគ្រោះថ្នាក់ណាមួយឡើយ។

បេសកកម្មគ្រប់គ្រងខាងក្រៅទីក្រុង Moscow បានបញ្ជាឲ្យលោក Oleg Artemyev ត្រឡប់ចូលស្ថានីយអវកាសអន្តរជាតិវិញ នៅពេលថ្មរបស់លោកបានអស់ភ្លាមៗកាលពីថ្ងៃពុធ ដែលថ្មនោះប្រើបានតែ ២ម៉ោងប៉ុណ្ណោះក្នុងការដើរនៅលើទីអវកាស។ លោកបានប្រញាប់ត្រឡប់ទៅកាន់សោខ្យល់ និងបានថ្ពក់អាវអវកាសរបស់លោកភ្ជាប់ទៅនឹងស្ថានីយអវកាស។ ដៃគូដើរលើទីអវកាសរបស់លោកគឺលោក Denis Matveev វ័យ ៣៩ឆ្នាំនៅតែបន្តដើរនៅខាងក្រៅរយៈពេល ១ម៉ោងទៀត មុនពេលលោកបន្តដើរ លោកក៏ត្រូវបានបញ្ជាឲ្យត្រឡប់មកវិញដែរ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ដោយសំអាងលើការផ្សាយផ្ទាល់ មានការបកប្រែជាភាសាអង់គ្លេសរបស់អង្គការ Nasa ថា លោក Matveev បានប្រាប់ថា លោក Artemyev បានទម្លាក់អ្វីៗទាំងអស់ចោល និងត្រឡប់មកវិញ។ អង្គការ Nasa និយាយថា អំឡុងការដើរនៅលើទីអវកាស អវកាសយានិកទាំង២ បានត្រៀមបញ្ចប់ការដំឡើងកាមេរ៉ា ២ នៅលើដៃរូបយន្តរបស់អឺរ៉ុបនៅលើស្ថានីយអវកាសអន្តរជាតិ៕
អត្ថបទ៖ សុខមាន