
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ខណៈដែលលោកជំទាវ បានបញ្ចប់អណតិ្តបេសកកម្មការទូតនៅកម្ពុជា។
លោកជំទាវភឿង សកុណា បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស តាមរយៈស្ថានទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងបច្ចេកទេសដល់វិស័យវប្បធម៌នៅកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ នៃការរាលដាលជំងឺកូវីដ-១៩ ដែលបានចូលរួមចំណែកអាចឲ្យកម្ពុជា បើកដំណើរការទាំងសេដ្ឋកិច្ច និងសង្គមឡើងវិញ។
ទន្ទឹមនឹងនោះភាគីទាំងពីរ បានលើកឡើងអំពីសមិទ្ធផល នៃកិច្ចសហប្រតិបតិ្តវប្បធម៌រវាងកម្ពុជា-អង់គ្លេស ទាំងវប្បធម៌រូបី និងអរូបី ពិតមែនកម្ពុជា-អង់គ្លេស ឋិតនៅឆ្ងាយពីគ្នា ប៉ុន្តែយើងបានធ្វើកិច្ចការរួមគ្នាច្រើន លើវិស័យវប្បធម៌។ ជាក់ស្តែងអង់គ្លេស តែងបានរៀបចំព្រឹតិ្តការណ៍ប្រគុំតន្រី្ត រួមគ្នាជារៀងរាល់ឆ្នាំ ជាពិសេស គឺកិច្ចសហប្រតិបតិ្តរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ គឺមានវត្ថុបុរាណ ជាច្រើនបានបញ្ជូនពីអង់គ្លេស នូវសម្បតិ្តវប្បធម៌ទាំងនោះត្រឡប់មកមាតុភូមិកម្ពុជាវិញ។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវ Tina Redshaw សំណូមពរគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណា ឲ្យកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌រវាងប្រទេសពីរ រីកចម្រើនជាបន្តបន្ទាប់៕


