កំពង់ឆ្នាំង៖ អុសស្ទែដែលបានពីព្រៃឈើលិចទឹករាប់រយម៉ែត្រគូប ត្រូវបានឈ្មួញប្រមូលទិញជារៀងរាល់ថ្ងៃ និងគរទុក ពុះជ្រៀក ដឹកចេញយកទៅលក់នៅតាមបណ្តាខេត្តផ្សេងៗទៀត ដែលករណីនេះ ធ្វើអោយប្រជាពលរដ្ឋងឿងឆ្ងល់ ថាហេតុអ្វីបានជាពួកគេប្រមូលបានអុសឈើព្រៃលិចទឹកច្រើនម្លេះ? ថាតើពួកគេកំពុងកាប់បំផ្លាញព្រៃលិចទឹកដោយលួចលាក់ដែរឬទេ?
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ បានប្រាប់ថា ដើមឈើព្រៃលិចទឹក មិនមែនចេះតែងាប់ច្រើន ដើម្បីអោយពួកគេប្រមូលយកទៅលក់អោយឈ្មួញនោះទេ។ កន្លងមក និងពេលថ្មីៗនេះ ក៏មានក្រុមជនខិលខូច ដើរគ្រៀវព្រៃឈើលិចទឹកធំៗ អោយងាប់ រួចហើយពួកគេទៅកាប់ និងដឹកយកឈើទាំងនោះមកលក់អោយឈ្មួញនៅក្រុងកំពង់ឆ្នាំងដែលជាអ្នកចាំទិញ ជារៀងរាល់ថ្ងៃ។ តំបន់ព្រៃលិចទឹកដែលមានប្រភេទឈើធំៗ តែងរងការកាប់បំផ្លាញពីក្រុមជនខិលខូចទាំងនោះ យកមកធ្វើជាអុសស្ទែសំរាប់លក់អោយឈ្មួញ។
ប្រជាពលរដ្ឋបានសំណូមពរអាជ្ញាធរខេត្តកំពង់ឆ្នាំង និងជំនាញ មេត្តាពិនិត្យលើករណីខាងលើនេះផង បើពុំមានការទប់ស្កាត់នោះទេ ព្រឈើលិចទឹកធំៗ ត្រូវបានបំផ្លាញគ្មានសល់ឡើយ៕




