បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា បានដាក់សំណើ ៨០លានអឺរ៉ូក្នុងការនាំយកខ្សែបម្រើប្រេស៊ីល Anthony ពី Ajax Amsterdam តែសំណើនេះត្រូវបានបដិសេធពីក្លិបហូឡង់រួចហើយ។ បើតាមការចុះផ្សាយពីសារព័ត៌មានកីឡា The Athletic ឱ្យដឹងថា Ajax ចង់រក្សាកីឡាករវ័យ ២២ឆ្នាំរូបនេះមួយឆ្នាំទៀតមិនពិចារណាលក់។
Anthony បានក្លាយជាគោលដៅរបស់ Manchester United តាំងពីការមកដល់របស់អ្នកចាត់ថ្មី Erik ten Hag ម្ល៉េះ ខណៈអ្នកទាំងពីរធ្លាប់រួមការងារនឹងគ្នានៅ Ajax។ Anthony បានចូលរួមជាមួយ Ajax កាលពីឆ្នាំ២០២០ ផ្ទេរពីក្លិប្រេស៊ីល Sao Paulo បង្ហាញខ្លួនបាន ៥៧លើកស៊ុតបញ្ចូលទីបាន ១៨គ្រាប់។ សូមបញ្ជាក់ថា Antony បានក្លាយជាសមាជិកសំខាន់របស់ Ajax ក្នុងរយៈពេល ១៨ខែកន្លងមកបន្ទាប់ពីផ្លាស់ពីក្លិបប្រេស៊ីល Sao Paulo ហើយក្លិបប្រេស៊ីលមួយនេះក៏នឹងទទួលបានលាភសការៈផងដែរ ប្រសិនការផ្ទេរបានសំរេចដែលជាផ្នែកមួយនៃកិច្ចសន្យាកន្លងមក៕
អត្ថបទ៖នាង សុភាវុធ