បាល់ទាត់៖ ក្លិបជប៉ុន Vissel Kobe បានកក់កៅអីនៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League ហើយក្រោយយកឈ្នះក្រុមរួមលីគជប៉ុន Yokohama F.Marinos ៣-២។ ការប្រកួតនៅកីឡដ្ឋាន World Cup, Saitama ក្រុម Vissel Kobe បានបើកការនាំមុខនៅនាទីទី៧ ដោយ Nanasei Iino តែក៏ត្រូវ Yokohama តាមស្មើវិញពីរនាទីបន្ទាប់ដោយ Takuma Nishimura។

ក្រោយមក Vissel ក៏មានឱកាសនាំមុខសាជាថ្មីដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Daiju Sasaki បន្ទាប់ពីកំហុសបាល់ប៉ះដៃរបស់ Yuki Saneto។ ឈានដល់វគ្គទី២ ហើយការប្រកួតនៅសល់តែ ១០នាទី Vissel Kobe កាន់តែកក់ក្តៅនៅពេល Yutaro Oda បន្ថែមការនាំមុខ ៣-១ មុនពេលដែល Yokohama តបបានមួយគ្រាប់វិញដោយ Anderson Lopes នាទីទី៨៩។ Vissel Kobe ដែលបច្ចុប្បន្នកំពុងឈរលេខ៣ រាប់ពីបាតតារាងមកវិញនៅលីគកំពូលជប៉ុនត្រូវឡើងវគ្គ ៨ក្រុមចុងក្រោយ ខណៈ Yokohama ខកខានឡើងវគ្គ ៨ក្រុមចុងក្រោយ ACL ពីរដូវកាលជាប់គ្នា។
ងាកមកមួយប្រកួតទៀតក្រុមកូរ៉េ Jeonbuk Motors បានបន្តដំណើរឡើងវគ្គ ៨ក្រុមុចុងក្រោយផងដែរក្រោយយកឈ្នះក្រុមរួមលីគ Daugu FC។ ក្រុមទាំងពីរបញ្ចប់ ៩០នាទីដោយលទ្ធផល ១-១ បន្ទាប់ពី Jeonbuk នាំមុខមួយគ្រាប់មុននៅនាទីទី៤៦ ដោយ Song Min Kyu មុនពេលដែល Daegu FC តាមស្មើវិញនៅនាទីទី៥៦ ដោយ Zeca។ ឈានដល់វគ្គបន្ថែម ១៥នាទីពីរដង Jeonbuk ធ្វើឱ្យ Daegu កកឈាមនៅពេល Kim Jin Gyu រកបានគ្រាប់ជ័យជំនះនៅនាទីទី១២០+១ ជិតចប់ទៅហើយ។ នៅសល់ពីរប្រកួតទៀតធ្វើឡើងថ្ងៃនេះដែលជាជំនួបរវាង BG Pathum United ជួប Kitchee FC និង Johor Darul Ta’Zim ជួប Urawa Red Diamonds៕
អត្ថបទ៖នាង សុភាវុធ