ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងអូរថ្ម ស្ថិតនៅភូមិជាំ ឃុំត្រពាំប្រិយន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសម្ដែងការព្រួយបារម្ភនឹងល្បែងស៊ីសងភ្នាល់បាញ់កាំជ្រួចរបស់ជនជាតិថៃ ដែលអាចបង្ករប៉ះពាល់ច្រើន ដោយសារកម្ទេចគ្រាប់រំសេវបានធ្លាក់ជិតមូលដ្ឋានរបស់ពួកគាត់នៅពេលខ្លះ វាអាចបណ្តាលឱ្យមានការឆេះដល់ផ្ទះសម្បែង និងចំការក៏មានផងដែរ។
ប្រជាពលរដ្ឋ បានបង្ហើបឱ្យដឹងថា កន្លងមកល្បែងស៊ីសងភ្នាល់បាញ់កាំជ្រួច ជ្រកក្រោមអាជ្ញាប័ណ្ណស្របច្បាប់របស់ក្រុមហ៊ុន«សាមនខេរៈអភិវឌ្ឍន៍» នៅពេលបាញ់កាំជ្រួចម្តងៗ តែងតែមានផលប៉ះពាល់ដោយសារកម្ទេចគ្រាប់រំសេវបានធ្លាក់ជិតមូលដ្ឋានរបស់ពួកគាត់វាបណ្តាឲ្យមានផលប៉ះពាល់ខ្លាំងដល់បញ្ហាសុខាភាពរបស់ប្រជាពលរដ្ឋពីចំហាយគ្រាប់រំសេវដោយការបាញ់កាំជ្រួចនេះផងដែរ។
គួររម្លឹងថា ក្រុមហ៊ុន«សាមនខេរៈអភិវឌ្ឍន៍» ទទួលបានសិទ្ធបើកល្បែងស៊ីសងភ្នាល់បាញ់កាំជ្រួច នៅលើទឹកដីនៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមិនខ្វល់ពីបញ្ហាប្រឈមទៅនឹងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។ ពាក់ព័ន្ធបញ្ហានេះខាងក្រុមហ៊ុនBTV Newsមិនអាចសុំការបំភ្លឺបានទេ ដោយពុំមានលេខទូរស័ព្ទម្ចាស់ក្រុមហ៊ុន៕ អត្ថបទ៖ ឃិន សារិទ្ធ






