ភ្នំពេញ៖ វេជ្ជបណ្ឌិត សេង ចាន់ណា ប្រធានផ្នែកបច្ចេកទេសជំងឺទូទៅ នៃមណ្ឌលសុខភាពដូនពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានស្នើដល់មាតា បិតា ដែលមានកូនទើបនឹងកើត រហូតដល់អាយុក្រោម២ឆ្នាំ មកចាក់វ៉ាក់សាំងការពារកូនពីជំងឺសំខាន់ៗ១១មុខ។
វេជ្ជបណ្ឌិត សេង ចាន់ណា បានបន្តទៀតថា មណ្ឌលសុខភាពដូនពេញ បានយកចិត្តទុកដាក់ជាសំខាន់លើសុខភាពមាតា និងទារក គឺការផ្តល់ថ្នាំបង្ការជូនកុមារទើបនឹងកើត រហូតដល់១៨ខែ ហើយវ៉ាក់សាំងនោះបានការពារសុខភាពកុមារ ដូចជា៖ ការពារជំងឺរលាកសួតថ្លើមប្រភេទបេ, ការពារជំងឺរបេង, ការពារជំងឺគ្រុនស្វិតដៃជើង, ការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកស្រោមខួរក្បាល ហ៊ីប និងការពារជំងឺរលាកសួត-រលាកស្រោមខួរក្បាលដោយភ្នើម៉ូកូក, ការពារជំងឺកញ្រ្ជិល ស្អូចលើកទី១ ការពារជំងឺរលាកខួរក្បាលជេអ៊ី។
ជាចុងក្រោយវេជ្ជបណ្ឌិត សេង ចាន់ណា ដែលមានអាយុជិត៧០ឆ្នាំ និងបានបម្រើការងារលើវិស័យសុខាភិបាលមានរយៈពេលជាង២៣ឆ្នាំកន្លងមក ដោយបានបញ្ចប់ការសិក្សានៅសាលាពេទ្យ ក្នុងឆ្នាំ១៩៨៨ជាពិសេសសុខភាពរបស់គាត់ អាចទ្រាំទ្របាន គឺវេជ្ជបណ្ឌិតរូបនេះ បានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងសង្គម ដើម្បីលើកកម្ពស់សុខភាពមាតា និងទារក ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕
អត្ថបទ រដ្ឋា