ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា បុរសជនជាតិកូរ៉េម្នាក់អាយុ ៤៨ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីរសៀលថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ១៩នាក់ហើយនៅត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសកូរ៉េរូបនេះ ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ បានស្លាប់នៅមណ្ឌលសុខភាពចាក់អង្រែ កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីសួតទាំងសងខាងរបស់គាត់ ត្រូវបានបំផ្លាញដោយសារវីរុសកូវីដ-១៩។
បើតាមក្រសួងសុខាភិបាល បុរសរូបនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែកាលថ្ងៃទី៣១ ខែមីនា បន្ទាប់ពីលទ្ធផលវិភាគលើសំណាករបស់គាត់បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។
តួរលេខចេញដោយក្រសួងសុខាភិបាល បានឱ្យដឹងថា តួលេខមនុស្សស្លាប់ដោយជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់ចំនួន ១៩នាក់ហើយនៅគិតចាប់តាំងពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ ដែលកម្ពុជាមានករណីស្លាប់លើកដំបូង ក្នុងនោះមានជនបរទេស ២នាក់ផងដែរ៕
