ភ្នំពេញ៖ បុរសម្នាក់ ដែលត្រូវបានគេដឹងថា ជាមេគំនិតបំផុសបំផុលចលនាទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងដែនឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំ-ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចូលសារភាពទោសកំហុស នៅសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែសីហាម្សិលមិញ ។
ក្រោយពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីថ្ងៃទី១៧ ខែសីហា នេះ ឱ្យអ្នកដែលបានដឹកនាំចលនាទន្ទ្រានដី រដ្ឋដោយខុសច្បាប់ចូលសារភាពនោះ និងដកខ្លួនចេញនោះ លោក ផុន ផេន ដែលគេស្គាល់ថា មេខ្លោងម្នាក់នោះ ចូលខ្លួនសារភាព និងបានសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងអាជ្ញាធរខេត្ត ចំពោះការប្រព្រឹត្ត ខុសរបស់ខ្លួនក្នុងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ។
លោក បានអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំឱ្យយកតម្រាប់តាម និងឈប់ទន្ទ្រានកាន់កាបដីព្រៃរបស់រដ្ឋតទៅទៀត ហើយនាំគ្នាចូលរួមថែរក្សាព្រៃឈើទាំងអស់គ្នា ដើម្បីប្រយោជន៍មនុស្សជាតិទាំងអស់៕អត្ថបទ៖ គង់ ប៊ុនថា