អាល់ហ្សេរី៖ ក្រសួងការពារជនស៊ីវិលប្រទេសអាហ្វ្រិកខាងជើងបាននិយាយថា ភ្លើងឆេះព្រៃដែលបានឆាបឆេះព្រៃភាគខាងកើតប្រទេសអាល់ហ្សេរី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៧នាក់ស្លាប់ និង ១៦១នាក់ផ្សេងទៀតបានរងរបួស។

ជនរងគ្រោះភាគច្រើនត្រូវបានគេរាយការណ៍ថា នៅក្នុងតំបន់ El Tarf ក្បែរព្រំដែនភាគខាងជើងប្រទេសអាល់ហ្សេរី-ទុយនេស៊ី ជាកន្លែងដែលមនុស្ស ៣៤នាក់ត្រូវបានរកឃើញស្លាប់។ អ្នកស្លាប់រួមមានគ្រួសារមួយមានសមាជិក ៥នាក់ដែលត្រូវបានរកឃើញនៅក្នុងលំនៅឋានរបស់ពួកគេ និងមនុស្ស ៨នាក់នៅលើរថយន្តក្រុងសាធារណៈដែលអ្នកបើកបរបាត់បង់ការគ្រប់គ្រងដោយអណ្តាតភ្លើង ខណៈពេលកំពុងធ្វើដំណើរនៅតំបន់ភ្នំ។ នាយករដ្ឋមន្ត្រីលោក Aïmene Benabderrahmane ដែលបានមកដល់ទីក្រុង El Tarf កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ជនរងគ្រោះភាគច្រើនគឺជាអ្នកសម្រាកវិស្សមកាលបានមកកំសាន្តនៅឆ្នេរឋានសួគ៌ និងទេសភាពដែលគួរឱ្យទាក់ទាញ។ លោកនាយករដ្ឋមន្ត្រីនិយាយថា រដ្ឋអាល់ហ្សេរីនឹងជួយដល់គ្រួសារជនរងគ្រោះ និងចំណាយសម្រាប់ការងារជួសជុល និងសំណងសម្រាប់ការបាត់បង់សត្វពាហនៈ និងសំបុកឃ្មុំនៅក្នុងតំបន់ ដែលត្រូវបានគេស្គាល់សម្រាប់ឧស្សាហកម្មកសិកម្មរបស់រដ្ឋនេះ។

ការិយាល័យការពារជនស៊ីវិលបានជូនដំណឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យមកពីតំបន់ផ្សេងទៀតត្រូវបានដាក់ពង្រាយ ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ។ រថយន្តដឹកទំនិញដែលនាំយកស្បៀងអាហារ ទឹក ភួយ និងសំលៀកបំពាក់ត្រូវបានគេឃើញថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង El Tarf។ ក្រសួងមហាផ្ទៃបានជូនដំណឹងថា ភ្លើងឆេះព្រៃចំនួន ៣៩កន្លែងបានកើតឡើងនៅក្នុងតំបន់ចំនួន ១៤ កាលពីថ្ងៃពុធតែមួយថ្ងៃ ហើយការឆាបឆេះបំផ្លាញព្រៃឈើចំនួន ៣,២០០ហិកតាចាប់តាំងពីដើមខែសីហាមក។ ភ្លើងឆេះព្រៃដ៏ធំនៅក្នុងប្រទេសអាល់ហ្សេរីកាលពីឆ្នាំមុនបណ្តាលមនុស្ស ១០៤នាក់ស្លាប់ក្នុងនោះមានទាហាន ៣៣នាក់។ កាលពីពាក់កណ្តាលខែមិថុនាអាជ្ញាធរប្រទេសអាល់ហ្សេរី បានជួលយន្តហោះពន្លត់អគ្គិភ័យមួយគ្រឿងពីប្រទេសរុស្ស៊ីរយៈពេល ៣ខែ៕
អត្ថបទ៖ ប៊ុនថន