អ៊ុយក្រែន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា លោកមានការព្រួយបារម្ភខ្លាំងអំពីការប្រយុទ្ធគ្នានៅជិតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោកបានថ្លែងដូច្នេះក្នុងអំឡុងពេលជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមេដឹកនាំទួរគីលោក Recep Tayyip Erdogan នៅទីក្រុង Lviv។

លោកអគ្គលេខាធិការ Antonio Guterres បាននិយាយថា តំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែនត្រូវតែគ្មានយោធាជាបន្ទាន់។ ទីក្រុងមូស្គូ និងទីក្រុងគីវបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការបាញ់ផ្លោងនៅបរិវេណអគាររោងចក្រនេះ។ លោក Guterres និយាយថា កិច្ចព្រមព្រៀងនេះគឺចាំបាច់ជាបន្ទាន់ ដើម្បីចាប់ផ្តើមឡើងវិញសុវត្ថិភាពនៅរោងចក្រ Zaporizhzhia ជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ និងដើម្បីធានាបានសុវត្ថិភាពនៅតំបន់នេះ។ យោងតាមគេហទំព័ររបស់ប្រធានាធិបតីបានឲ្យដឹងថា លោក Zelenskyy និងប្រមុខអង្គការសហប្រជាជាតិបានព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍ លើការរៀបចំសម្រាប់បេសកកម្មទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មកកាន់រោងចក្រនេះ។ ប៉ុន្តែវាមិនច្បាស់ភ្លាមៗនោះទេថា តើវិមានក្រឹមឡាំងនឹងយល់ព្រមចំពោះលក្ខខណ្ឌនេះ។
ចំពោះការដកកងទ័ពចេញ មន្ត្រីក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីពេលមុនថា នឹងបណ្តាលឲ្យរោងចក្រនេះក្លាយជាទីតាំងងាយរងគ្រោះ។ ការព្រួយបារម្ភបានកើតមានឡើងនៅពេលដែលអាជ្ញាធររុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរៀបចំផែនការវាយប្រហារទីតាំងនេះហើយ បន្ទាប់មកដាក់កំហុសភាគីម្ខាងទៀត។ ការបង្កើននៃការនាំចេញគ្រាប់ធញ្ញជាតិក៏ត្រូវបានពិភាក្សាផងដែរនៅក្នុងជំនួបនេះ។ អង្គការសហប្រជាជាតិ និងទួរគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែនក្នុងការនាំចេញពោតចំនួន ២២លានតោន និងគ្រាប់ធញ្ញជាតិផ្សេងទៀតដែលជាប់គាំងនៅកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ចាប់តាំងពីការវាយលុករបស់រុស្ស៊ី។ ការរាំងស្ទះនេះបានធ្វើឱ្យមានការខ្វះខាតស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើង ជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងការព្រួយបារម្ភពីគ្រោះទុរភិក្ស ជាពិសេសនៅទ្វីបអាហ្វ្រិក៕
អត្ថបទ៖ ប៊ុនថន