បាល់ទាត់៖ ក្រុមឡើងថ្មី Nottingham Forest មិនទាន់បិទបញ្ចប់ការនាំចូលកីឡាករថ្មីឡើយ បន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឈានដល់កិច្ចព្រមព្រៀងតម្លៃ ២៥លានផោនក្នុងការនាំយកខ្សែបម្រើ Wolves, Morgan Gibbs-White។
កីឡាករវ័យ ២២ឆ្នាំរូបនេះនឹងក្លាយជាកីឡាករថ្មីទី១៦ ដែលផ្លាស់មកកាន់ Nottingham Forest រដូវកាលថ្មីនេះ។ តាមពិតទៅ Nottingham បានព្យាយាមចរចាយក Gibbs-White យូរមកហើយតែអ្វីៗមិនសំរេចតាមការគ្រោងទុក។ Morgan Gibbs-White គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Wolves ស្រាប់ និងជាជម្រើសដំបូងរបស់លោក Bruno Lage រដូវកាលថ្មីនេះដោយចាប់ផ្តើម ១១នាក់ដំបូងទាំងពីរប្រកួតនៅ EPL។ Forest នឹងត្រូវចំណាយលុយ ២៥លានផោនទៅឱ្យ Wolves បូករួមទាំងប្រាក់បន្ថែមផ្សេងៗទៀតប្រមាណ ១៧លានផោនអាស្រ័យទៅលើទំរង់លេងរបស់ Gibbs-White ពេលមកដល់ Forest។
Nottingham Forest បានចាប់អារម្មណ៍លើ Gibbs-White ដែលធ្លាប់ជាកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ ១០លើករូបនេះនៅពេលគេចំនាយពេលជាកីឡាករខ្ចីជើងនៅ Sheffield United រដូវកាលមុន។ Nottingham Forest ចាប់ផ្តើមរដូវកាលថ្មី English Premier League ជាមួយនឹងជ័យជំនះ ១ប្រកួត បរាជ័យ ១ប្រកួត ខណៈប្រកួតទី៣ នឹងត្រូវធ្វើដំណើរទៅទឹកដី Everton ថ្ងៃសៅរ៍នេះ៕
អត្ថបទ៖នាង សុភាវុធ