ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលការពារព្រំដែនទឹកទាំងអស់ ត្រូវសហការជាមួយភាគីពាក់ព័ន្ធដទៃទៀត បន្តទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងត្រូវប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈនគរបាលបំរើដល់ប្រជាជន និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិតាមតំបន់ឆ្នេរកោះ ឲ្យបានល្អប្រសើរបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ថ្លែងនៅក្នុងឱកាសរៀបចំពិធីប្រកាស កែសម្រួលភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្កិជូនដល់ នាយ នាយរង និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ។
ឧត្តមសេនីយ៍ឯក តេង សួន បានលើកឡើងថា «ក្នុងនាមយើងជានគរបាលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ដាច់ខាតនូវគោលការណ៍បទបញ្ជាណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលបានប្រគល់ជូនត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នយាមល្បាតតាមដាន ស្ដាប់សភាពការណ៍តាមតំបន់សមុទ្រតំបន់ឆ្នេរកោះ ជាប់ជាប្រចាំហើយសហការឱ្យបានជិតស្និទ្ធជាមួយនឹងកងយុទ្ធពលខេមរភូមិនជាមួយភាគីប្រទេសជិតខាងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទការពារ សុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឈរលើគោលការណ៍រក្សាសន្តិសុខសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងកាអភិវឌ្ឍន៍ជាដើមនោះ»។
សូមបញ្ជាក់ថា នៅក្នុងពិធីខាងលើនេះដែរ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បានលើកឡើងអំពីសកម្មភាពការងាររបស់កងកម្លាំងនគរបាលការពារព្រំដែនទឹកសម្រេចបានរយៈពេល ៩ខែឆ្នាំ២០២២ ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលរស់នៅប្រកបរបរតាមតំបន់ដែនសមុទ្ររវាងកម្ពុជា វៀតណាម និងប្រទេសថៃ បានពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍ផ្ដល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមកទាន់ពេលវេលា និងបានសហការបង្ក្រាបទប់ស្កាត់ រាល់សកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់ដល់ស្ថេរភាពនយោបាយសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងបទល្មើសឆ្លងដែនខុសច្បាប់នានាផងដែរ៕ អត្ថបទ៖ បាន ចក់