ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា នៅពេលនេះមជ្ឈមណ្ឌលបានត្រៀមកងកម្លាំង និងសំភារៈ ដែលមានខ្លួនមានរួចរាល់ និងបានបើកហ្វឹកហ្វឺនប្រើប្រាស់សំភារៈយោធាទាំងនោះ ដើម្បីត្រៀមចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយគ្រោះទឹកជំនន់នានា នៅថ្ងៃខាងមុខនេះ។
ថ្លែងប្រាប់BTV នៅថ្ងៃទី១៩ ខែសីហានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា នៅពេលនេះ គ្រប់បណ្តាអង្គភាពនានាទាំងអស់ដែលចំណុះឲ្យមជ្ឈមណ្ឌលជាតិ គឺបានត្រៀមខ្លួនរួចរាល់ និងរង់ចាំបទបញ្ជាប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រមុខថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បីចុះជួយពលរដ្ឋជួបគ្រោះមហន្តរាយការណ៍នានា ដែលកើតចេញគ្រោះទឹកជំនន់ និងគ្រប់គ្រោះធម្មជាតិនានា.។
ឯកឧត្តម បញ្ជាក់ថា ពាក់ព័ន្ធនឹងការហ្វឹកហ្វឺនសង្គ្រោះមហន្តរាយក្នុងអង្គភាពទ័ពមួកខៀវនេះ គឺហ្វឹកហ្វឺនដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយជូនប្រជាពលរដ្ឋនៅក្នុងប្រទេសផង និងហ្វឹកហ្វឺនដើម្បីត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនៅក្រៅប្រទេសផង។
សូមបញ្ជាក់ថា សម្រាប់ការហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយកងកម្លាំងមួកខៀវរបស់អង្គភាពសាលាហ្វឹកហ្វឺកឧត្តុង្គគឺបានធ្វើឡើងនៅចំណុចក្រោមស្ពានព្រែកក្តាម ក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា ការហ្វឹកហាត់ជំនាញសង្គ្រោះនាពេលនេះធ្វើឡើងស្របទៅនឹងកម្ពុជាត្រៀមលក្ខណៈក្នុងការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិនាពេលខាងមុខនេះហើយក៏ជាការបន្ថែមនូវជំនាញសង្គ្រោះថ្មីមួយទៀតសម្រាប់កងយោធាមួកខៀវក្នុងការជួយសង្គ្រោះដល់មនុស្សជាតិទាំងក្នុងប្រទេសក៏ដូចជាក្នុងតំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា អាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំផងនោះស្ថានភាពទឹកជំនន់និងមានដោយយថាហេតុនៅតាមបណ្តាខេត្តមួយចំនួនជាបន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិដោយយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្រ្តនានា៕ អត្ថបទ ស៊ុម សុខជា