ត្បូងឃ្មុំ ៖ បុគ្គលិក និងគ្រូពេទ្យ ដែលបម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ទេពនិម្មិត» ចំនួន២៤នាក់ នៅក្រុងសួង ខេត្តត្បូងឃ្មុំ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោក ឡេង ពៅ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ បន្តទទួលបានលទ្ធផល «អវិជ្ជមាន» ទាំងអស់ ក្រោយធ្វើតេស្តជាលើកទី២។
នេះបើតាមការឱ្យដឹងពីអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ស្រង់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ។
តែទោះជាយ៉ាងណា សម្រាប់មនុស្សទាំង២៤នាក់ខាងលើនេះ បន្តធ្វើចត្តាឡីស័ក និងស្រង់យកសំណាករង់ចាំលទ្ធផល នៅលើកទី៣ នាថ្ងៃទី០៦ខាងមុខនេះជាបន្តទៀត ដើម្បីឲ្យប្រាកដច្បាស់ សាកសមជាកន្លែងពិនិត្យ ព្យាបាល និងផ្តល់សេវាដោយទំនុកចិត្តជូនពលរដ្ឋ ស្របតាមវិធានសុខាភិបាល។
ជាមួយលទ្ធផលអវិជ្ជមាននេះ មន្ទីរសម្រាកព្យាបាលខាងលើនេះ បានបន្តរក្សាអនាម័យសម្អាតជារៀងរាល់ថ្ងៃ ដោយធ្វើការបាញ់អាល់កុល និងថ្នាំសំលាប់មេរោគគ្រប់កន្លែងទាំងអស់ មិនថាក្នុងបន្ទប់ និងបរិវេណនានា ទាំងក្នុងនិងខាងក្រៅ។
ដោយឡែក អ្នកដែលចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភព ទេពនិម្មិត ដែលជាប់ពាក់ព័ន្ធ នៅតែបន្តធ្វើចត្តាឡីស័កនៅផ្ទះដដែរ ចំណែកឯអ្នកដទៃទៀត បន្តអនុវត្តន៍ខ្ជាប់ខ្ជួននូវវិធានការណ៍ «៣ការពារ និង ៣កុំ»។
សូមជម្រាបថា មន្ទីរសម្រាកព្យាបាលនិងសម្ភពទេពនិម្មិត ក្រុងសួង បានបិទបណ្តោះអាសន្ន តាមវិធានសុខាភិបាល ក្រោយពេលរកឃើញ មន្ត្រីនគរបាលម្នាក់ឈ្មោះ ឡេង ពៅ មានវិជ្ជមានកូវីដ១៩ បានចូលទៅថតសួតទីនោះ ខណៈដែលជាមន្ទីរពេទ្យឯកជនឈានមុខគេនៅខេត្តត្បូងឃ្មុំ មានទាំងក្រុមគ្រូពេទ្យជំនាញ កន្លែងស្តង់ដារអនាម័យល្អ ពិសេសអគារ សម្ភារបរិក្ខារទំនើបៗ ខ្ទង់លានដុល្លារ៕







