ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលបច្ចុប្បន្ននេះ គឺកំពុងបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅតាមសាលារៀន សម្រាប់សិស្សចាប់ពីកម្រិតសិក្សាថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ ក្នុងដំណាក់កាលនេះ គឺអនុវត្តក្នុងខេត្តគោលដៅចំនួន ៣គឺខេត្តកំពង់ចាម កំពត និងខេត្តសៀមរាប។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ខណៈនេះ ក្រសួងអប់រំ ដោយមានកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងដៃគូសហការផ្សេងទៀត គឺកំពុងយកចិត្តទុកដាក់លើការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុជូនកុមារ និងយុវជន។
ការបញ្រ្ជាបនេះ គឺធ្វើឡើងដោយមានការបង្រៀនលើចំណេះដឹងហិរញ្ញវត្ថុទៅតាមសាលារៀន ដោយដំណាក់កាលនេះ គឺអនុវត្តក្នុងខេត្តគោលដៅចំនួន ៣ គឺខេត្តកំពង់ចាម កំពត និងខេត្តសៀមរាប។
ការបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថនេះ គឺអនុវត្តគ្រប់កម្រិតសិក្សាចាប់ពីថ្នាក់បឋម រហូតដល់ថ្នាក់វិទ្យាល័យផងដែរ ក្រោមការអនុវត្តសកម្មភាពសំខាន់ចំនួន ៤ ក្នុងប្រព័ន្ធអប់រំនេះ។ គោលដៅសំខាន់ គឺដើម្បីជួយឱ្យកុមារយុវជន មានចំណេះដឹងផ្នែកហិរញ្ញវត្ថ មានការសម្រេចចិត្តត្រឹមត្រូវ លើការចំណាយ ការសំន្សំជាដើម។
ខណៈកំពុងយកចិត្តទុកដាក់លើការបង្រៀនសាកល្បង ចំពោះសាលារៀនក្នុងខេត្តគោលដៅទាំងបី ក្រសួងអប់រំ ធនាគារជាតិនៃកម្ពុជា និងដៃគូផ្សេងទៀត ក៏បានរៀបចំការចែកសៀវភៅចំណេះដឹងហិរញ្ញវត្ថុ ដែលមានចំណងជើងថា “ តោះនិយាយពីលុយ” ជូនសាលាតាមគោលដៅផងដែរ។
ចំពោះការបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ អ្នកនាំពាក្យក្រសួងអប់រំ ពុំបានបញ្ជាក់លម្អិតថា អនុវត្តនៅគ្រប់សាលារៀន ក្នុងខេត្តគោលដៅទាំង ៣រឺយ៉ាងណានោះទេ។ រីឯការពង្រីកវិសាលភាព បង្រៀនទៅរាជធានីខេត្ត រឺទូទាំងប្រទេស ក៏ឯកឧត្តមពុំទាន់បានបញ្ជាក់ផងដែរ៕អត្ថបទ៖គឹមហុក