ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា មនុស្ស ៩៩នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩នៅថ្ងៃនេះ ដែលនាំឱ្យចំនួនមនុស្សឆ្លងមេរោគផ្លូវដង្ហើមមួយនេះ នៅកម្ពុជាកើនឡើងដល់ចំនួន ២,៦៤៥នាក់នៅទូទាំងប្រទេសគិតចាប់តាំងពីចុងខែមករាឆ្នាំមុនមក។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្ស ៩៩នាក់នេះ បានឆ្លងមេរោគកូវីដ១៩នេះ បន្ទាប់ពីពួកគេពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលនាំឲ្យចំនួនមនុស្សឆ្លងមេរោគកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍មួយនេះ កើនឡើងដល់ចំនួន ២,៦៤៥នាក់ហើយគិតត្រឹមថ្ងៃនេះ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីដែលត្រូវបានប្រកាសនៅថ្ងៃនេះ ត្រូវបានរកឃើញនៅខេត្តស្វាយរៀងចំនួន ៤៤នាក់ ភ្នំពេញ ៣៣នាក់ កោះកុង ៨នាក់ ខេត្តកណ្ដាល ៥នាក់ ព្រះសីហនុ ៤នាក់ ត្បូងឃ្មុំ ៤នាក់ និងខេត្តតាកែវចំនួន ១នាក់។
គិតត្រឹមថ្ងៃទី៣ ខែមេសានេះ កម្ពុជាបានរកឃើញមនុស្សដល់ទៅ ២,៦៤៥នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសគិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងមេរោគនេះដំបូងនៅថ្ងៃទី២៧ ខែមករាឆ្នាំមុន ហើយក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ចំនួន ១,៥៨៥នាក់ ត្រូវបានព្យាបាលជាសះស្បើយហើយ ខណៈអ្នកជំងឺ ១,០៣៦នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕