អ៊ុយក្រែន៖ ប្រមុខអង្គការសហប្រជាជាតិពិនិត្យទីក្រុងកំពង់ផែ Odesa នៅថ្ងៃទី២ នៃទស្សនកិច្ចនៅអ៊ុយក្រែន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើទស្សនកិច្ចនៅទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa កាលពីថ្ងៃសុក្រក្នុងអំឡុងទស្សនកិច្ចនៅអ៊ុយក្រែន។

លោកទៅកាន់ទីនោះដោយផ្តោតលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែនត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារពិភពលោក។ លោក Guterres និងប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានជួបប្រជុំកម្រិតខ្ពស់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ កាលពីដើមរដូវក្តៅនេះ អង្គការសហប្រជាជាតិ និងប្រទេសទួរគីបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែនក្នុងការនាំចេញពោតចំនួន ២២លានតោន និងគ្រាប់ធញ្ញជាតិផ្សេងទៀតដែលជាប់គាំងនៅក្នុងកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ី។

ការរាំងស្ទះការនាំចេញនេះបានធ្វើឱ្យការខ្វះខាត ស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើង ជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងការព្រួយបារម្ភពីគ្រោះទុរភិក្ស ជាពិសេសនៅទ្វីបអាហ្វ្រិក។ លោក Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានស្នើឱ្យបន្ថែមការនាំចេញ។ លោក Guterres បានគូសបញ្ជាក់ជាថ្មីពីភាពរីករាយ ដែលលោកបានមើលឃើញស្រូវសាលីត្រូវបានផ្ទុកទៅលើនាវាដឹកទំនិញ ប៉ុន្តែលោកមានអារម្មណ៍សោកស្តាយ ដែលលោកបានឃើញចំណតកំពង់ផែគ្មានសកម្មភាពដោយសារតែសង្គ្រាម៕
អត្ថបទ៖ ប៊ុនថន