ត្បូងឃុំ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់ការរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនចំនួន៤៩រូប នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ចេតិយតម្កល់អដ្ឋិធាតុ និងជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះក៏មានការចូលរួមពីក្រុមការងារអន្តរក្រសួង និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា យោងតាមអនុសាសន៍ និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការរៀបចំធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុរបស់អតីតយុទ្ធជនកម្ពុជា ក្រុមការងារអន្តរក្រសួងបានចាប់ផ្តើមនូវផែនការនៃការសាងសង់ចេតិយតម្កល់អដ្ឋិធាតុ ជាមុនសិន ដោយប្រើប្រាស់រយៈពេលសាងសង់យូរយ៉ាងហោច៧ខែ ដែលទទួលខុសត្រូវសាងសង់ដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស ។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ការសាងសង់ចេតិយតម្កល់អដ្ឋិធាតុនេះ គឺជាការឆ្លើយតបចំពោះគុណូបការៈ ពលី របស់យុទ្ធជនចំនួន៤៩រូប ដែលរួមចំណែកក្នុងដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងទៀតថា ការកំណត់ទីតាំងសាងសង់នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម ដោយសារទីតាំង ប្រវត្តិសាស្ត្រនេះ គឺជាកន្លែងបញ្ចុះសពយុទ្ធជន កម្មាភិបាលពលី អតីតអង្គភាព១២៥ ចំនួន ៤៩នាក់ ដែលបានបូជាជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយអង្គភាព១២៥ គឺជាឈ្មោះ អង្គភាពដំបូងនៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ជាចំណុចចាប់ផ្តើមដំបូងគេបង្អស់ នៃចលនាតស៊ូរបស់កម្ពុជា ចេញពីប្រទេសវៀតណាម ក្រោមការដឹកនាំដោយផ្ទាល់ពីសមមិត្ត ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា បន្ទាប់ពីការសាងសង់បានបញ្ចប់នាខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអន្តរក្រសួងនឹងរៀបចំពិធីតម្កល់អដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប អំឡុងបំណាច់ឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សូមបញ្ជាក់ថា អដ្ឋិធាតុរបស់យុទ្ធជនកម្ពុជាចំនួន ៤៩រូប បានតម្កល់ទុកនៅលើទឹកដីខេត្តដុងណាយ ប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ ហើយច្រើនឆ្នាំមកនេះរកសាច់ញាតិ និង ក្រុមគ្រួសាររបស់ពួកគេមិនឃើញ ដូច្នេះដើម្បីតបស្នងសងគុណចំពោះបងប្អូនពលី សម្តេចតេជោ ហ៊ុន សែន សម្រេចស្នើឱ្យធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនូវអដ្ឋិធាតុរបស់ពួកគេ ដោយតម្កល់នៅ ក្នុងតំបន់ X-16៕












