ភ្នំពេញ៖ ក្នុងរយៈពេល ០៧ ខែដើម ឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានប្រមាណជាង ៧៤ ម៉ឺននាក់ កើនឡើង ៥៦០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ គន្លងទៅ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងនៅឯខេត្តសៀមរាប នាល្ងាចថ្ងៃទី១៩ ខែសីហានេះថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនានៅក្នុងអំឡុងពេលនេះ ជាភាគច្រើនភ្ញៀវការទូត ភ្ញៀវមកបំរើការងារ ភ្ញៀវអ្នកវិនិយោគទុន និងភ្ញៀវទេសចរបរទេសនានាទៀត ដែលមកស្វែងការបណ្តាក់ទុនវិនិយោគទុននៅកម្ពុជា នៅក្រោយបរិបទកូវីដធូរស្រាល ឯភ្ញៀវអន្តរជាតិដែលអញ្ជើញមកដើរទស្សនាកម្ពុជាសុទ្ធតែម្តងគឺហាក់នៅមានកម្រិតតិចតួច។
ឯកឧត្តម ថោង ខុន បន្តថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។
ឯកឧត្តម ថោង ខុន បន្តថា បច្ចុប្បន្នសម្រាប់តែខេត្តសៀមរាបមួយវិញ សំគាល់ឃើញថា រយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១លាន២សែននាក់ ក្នុងទេសចរអន្តរជាតិចំនួន៨ម៉ឺន៤០០០នាក់ ហើយមានជើងហោះហើរពីក្រៅប្រទេសចូលទៅកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរអន្តរជាតិជិត៥ម៉ឺននាក់ ហើយក្រៅពីភ្ញៀវបរទេសជាភ្ញៀវទៅទស្សនាខេត្តសៀមរាបផ្លូវគោគ និងផ្លូវទឹក។
ឯកឧត្តម ក្នុងបរិការណ៍នៃការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ តាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕
អត្ថបទ ស៊ុម សុខជា






