ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះភាពក្លា ហាន និងស្មោះត្រង់របស់នាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ រយៈពេល៣០ឆ្នាំ កន្លងមកនេះ ដោយមិនរួញរាអ្វីនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ញើសារជូនពរ ក្នុង ឱកាសខួប៣០ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំ នៃការបង្កើត បញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងសារនោះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរប្រកបដោយមោទនភាព និងមនោសញ្ចេតនាសោមនស្សរីករាយជាអនេកប្បការ ចំពោះវឌ្ឍនភាពដ៏ធំធេងថ្មីៗ ជាបន្តបន្ទាប់ ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់យកនូវឆន្ទៈ មនសិការ ដ៏ស្រួចស្រាវ បំពេញកាតព្វកិច្ចពោពេញដោយវិន័យថ្លៃថ្នូរ មោះមុត មិនរួញរា ពុះពារជម្នះឧបសគ្គ ទោះក្នុងកាលៈទេសៈណាក៏ដោយនោះ។
សម្តេចតេជោ បានលើកឡើងអំពីគុណតម្លៃជាច្រើនរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលបានសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ការពារជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកបំពេញបេសកកម្ម នៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សហប្រតិបត្តិការក្នុងកិច្ចការពារបូរណភាពដែនដី អន្តរាគមន៍ជួយ ប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗ និងពិសេសទៅទៀតនោះ គឺបានបំពេញបេសកកម្មធានា ការពារសន្តិសុខ សុវត្ថិភាពដល់សម្តេចផ្ទាល់ និងក្រុមគ្រួសារសម្តេចទាំងមូល ប្រកបដោយអភិក្រមទាំងបី របស់បញ្ជាការដ្ឋានអង្គរក្ស «១ស្មោះត្រង់ ២ការពារ និង៣បម្រើ” ជាដើមនោះ។
ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏បានលើកសរសើរពីស្នាដៃ ពោពេញទៅដោយមោទនភាព របស់កងកម្លាំងអង្គរក្សគ្រប់រូប និងគ្រប់ជំនាន់ ដែលបានពលីលះបង់សាច់ ស្រស់ ឈាមស្រស់ របស់ខ្លួន ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋនោះ ពិតជាមានគុណតម្លៃយ៉ាងធំធេង ដែលមិនអាចបំភ្លេចបាននោះ។
សម្តេចពិជ័យសេនា និងនាយឧត្តមសេនីយ៍ បានជំរុញឱ្យនាយទាហាន ពលទាហាន នៃបញ្ជាការ ដ្ឋានអង្គរក្សទាំងអស់ ត្រូវបង្កើតបរិយាកាសកក់ក្តៅ សម្រាប់សុវត្ថិភាពផ្លូវកាយ ផ្លូវចិត្ត ជូនដល់ពលរដ្ឋ គីជា មហិច្ឆតារបស់រាជរដ្ឋាភិបាល ដែលប្រការនេះ ទាមទារឲ្យកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បន្តខិតខំប្រឹង ប្រែង លើកកម្ពស់សមត្ថភាពជំនាញលើគ្រប់ផ្នែក ឲ្យស្របតាមសភាពការណ៍វិវត្តន៍ រីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីយកមកអនុវត្តជាក់ស្តែង ក្នុងភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន សំដៅរួមចំណែកក្នុងការ ធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំបន្ថែមទៀត៕
អត្ថបទ៖ បាន ចក់
