ភ្នំពេញ៖ ក្រុមកីឡាប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជា នឹងត្រឡប់មកមាតុភូមិវិញ នារាត្រីថ្ងៃទី២០ ខែសីហានេះ ក្រោយដណ្ដើមបានមេដាយមាស ៧គ្រឿង ខ្សែក្រវាត់ ២គ្រឿង និងពាន ១ នៅក្នុងការប្រកួតកីឡាប្រដាល់អន្ដរជាតិ នៅប្រទេសម៉ាឡេស៊ី ។
ឯកឧត្តម ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ព្រឹត្តិការណ៍អន្ដរជាតិនេះ ធ្វើឡើងជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២១ ខែសីហា ដោយមានអត្តពលិកមកពី ១១០ប្រទេសចូលរួម ក្នុងនោះក៏មានអ្នកលេងគុនខ្មែរ ៨រូបផងដែរ ។
ឯកឧត្តម បន្ដថា តាមរយៈការដណ្ដើមបានមេដាយមាស ៧គ្រឿង ខ្សែក្រវាត់ ២គ្រឿង និងពាន ១ មួយនេះ គឺជាជោគជ័យមួយដ៏ធំ សម្រាប់ក្រុមជម្រើសជាតិកីឡាប្រដាល់គុនខ្មែរ និងបានផ្សព្វផ្សាយពីភាពខ្លាំង នៃប្រភេទកីឡាអត្តសញ្ញាណជាតិមួយនេះ ទៅកាន់ឆាកអន្ដរជាតិផងដែរ ។
ចំពោះកីឡាករដណ្ដើមបានមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាប្រដាល់អន្ដរជាតិនេះ រួមមានកីឡាករ ផុន ពិសិដ្ឋ, កីឡាករ ខាំ ខ្លានាង, ភួង ឡាំងកូស៊ិន, រិន ដេវិត, ស៊ន រ៉ាគីម និងកីឡាករ ឈឿង ល្វៃ ៕អត្ថបទ៖ លី ឈុនឡា






