ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន រួមជាមួយឯកឧត្តម សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារមូលដ្ឋានតម្រង់ទិសឆ្ពោះទៅកាន់ជ័យជម្នះលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ជាមួយក្រុមការងារគណបក្សចុះជួយមូលដ្ឋាននានានៃខេត្តកំពង់ស្ពឺ ប្រមាណ ៧០០ នាក់។ កិច្ចប្រជុំមានគោលដៅ ដកស្រង់បទពិសោធន៍ ពិភាក្សាលើបញ្ហាប្រឈម ដែលបានឆ្លងកាត់ក្នុងការងារមូលដ្ឋានកាលពីពេលកន្លងមក ទុកជាមេរៀនពិសោធន៍ដើម្បីជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
នាឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានធ្វើការលើកឡើងនូវបណ្តាចំណុចសំខាន់ដែលក្រុមការងារគណបក្សមូលដ្ឋានត្រូវប្រកាន់ខ្ជាប់ និងពង្រឹងដើម្បីប្រៀបឈ្នះរបស់គណបក្សលើការបោះឆ្នោត គ្រប់នីតិកាល និងគ្រប់ការបោះឆ្នោត។ ទន្ទឹមនឹងប្រសាសន៍ខាងលើ ឯកឧត្តម សំ រិទ្ធី ជំនួសមុខឱ្យក្រុមការងារទាំងអស់ បានថ្លែងអំណរគុណដល់ឯកឧត្តម នួន ផារ័ត្ន ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមចែករំលែកបទពិសោធន៍ និងពុទ្ធិល្អៗដល់ក្រុមការងារ ដើម្បីយកទៅអនុវត្តនៅតាមមូលដ្ឋានរៀងៗខ្លួន៕ អត្ថបទ ៖ រដ្ឋា





