អ៊ុយក្រែន៖ ការបាញ់ផ្លោងកាំភ្លើងធំបានស្រោចលើទីក្រុងមួយ ជិតរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ហើយមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារជិតកំពង់ផែសមុទ្រខ្មៅ Odesa កាលពីថ្ងៃអាទិត្យ ខណៈអ៊ុយក្រែនព្រមានពីការវាយប្រហារកាន់តែខ្លាំងក្លាបន្ថែមទៀតពីរុស្ស៊ី ស្របពេលសង្គ្រាមអូសបន្លាយជិត ៦ខែ។

នៅថ្ងៃពុធសប្ដាហ៍នេះជាខួបលើកទី ៣១ឆ្នាំនៃឯករាជ្យជាតិរបស់អ៊ុយក្រែនចេញពីការគ្រប់គ្រងរបស់សហភាពសូវៀត ព្រមទាំងជាខួបកន្លះឆ្នាំចាប់តាំងពីការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន ហើយលោកប្រធានាធិបតី Volodymyr Zelenskiy អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នដោយនិយាយថា ទីក្រុង Moscow នឹងអាចព្យាយាមធ្វើអ្វីដែលធ្ងន់ធ្ងរជាងនេះទៀត។ នៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់កាលពីថ្ងៃអាទិត្យលោក Zelenskiy បាននិយាយថា លោកបានពិភាក្សារាល់ការគំរាមកំហែងទាំងអស់ជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron ហើយពាក្យសម្ដីនោះក៏ត្រូវបានបញ្ជូនទៅកាន់មេដឹកនាំពិភពលោកផ្សេងទៀតផងដែរ រួមទាំងលោកប្រធានាធិបតីទួរគី Tayyip Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។

កាលពីថ្ងៃអាទិត្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden, នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson, អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្ទនាតាមទូរស័ព្ទដោយសង្កត់ធ្ងន់លើសារសំខាន់នៃការធានាសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ ខណៈគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន