ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា មនុស្ស ៤៤នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ហើយអ្នកជំងឺកូវីដ១៩ ចំនួន ៦៨នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបានរៀបរាប់ថា មនុស្ស ៤៣នាក់ ត្រូវបានរកឃើញតេស្តរកឃើញឆ្លងវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹងការផ្ទុះឡើងនៃករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ហើយករណីឆ្លងមួយទៀត ត្រូវបានរកឃើញលើស្ត្រីជនជាតិប៉ាគីស្ថានអាយុ ៤០ឆ្នាំ ដែលបានធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជា។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីចំនួន ៤៣នេះ ត្រូវបានរកឃើញលើពលរដ្ឋកម្ពុជាទាំងអស់ ក្នុងនោះ ២៥នាក់នៅរាជធានីភ្នំពេញ ១៧នាក់នៅខេត្តព្រះសីហនុ និង១ករណីនៅខេត្តស្វាយរៀង។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ២,៦៨៩នាក់ហើយបានឆ្លងវីរុសកូវីដ១៩នៅទូទាំងប្រកាសគិតចាប់តាំងពីប្រទេសនេះរកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករាឆ្នាំមុន ក្នុងនោះករណីឆ្លងដ៏ច្រើនលើសលប់ដល់ទៅ ២,១៥៩ករណី សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដសរុបដល់ទៅ ១,៦៥៣នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្នុងនោះរួមបញ្ចូលទាំងអ្នកជាសះស្បើយថ្មី ៦៨នាក់ដែលក្រសួងទើបប្រកាសនៅថ្ងៃនេះផងដែរ៕