រុស្ស៊ី៖ ក្រុមអាជ្ញាធររុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានបើកការស៊ើបអង្កេតករណីឃាតកម្ម ក្រោយកូនស្រីរបស់ទស្សនវិទូជាតិនិយមជ្រុលដ៏មានឥទ្ធិពលគឺលោក Alexander Dugin បានស្លាប់ក្នុងការបំផ្ទុះរថយន្តនៅខាងក្រៅតំបន់ជាយក្រុង Moscow នូវអ្វីដែលជាការប៉ុនប៉ងធ្វើឃាតលើឪពុករបស់នាង។

មិនទាន់មានការអះអាងទទួលខុសត្រូវភ្លាមៗអំពីការវាយប្រហារនេះនៅឡើយទេ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា នាង Darya Dugina វ័យ ២៩ឆ្នាំបានស្លាប់បន្ទាប់ពីគ្រឿងផ្ទុះបានផ្ទុះបំផ្លាញរថយន្តម៉ាក Toyota Land Cruiser ដែលនាងកំពុងធ្វើដំណើរកាលពីល្ងាចថ្ងៃសៅរ៍។ ឪពុករបស់នាង Darya Dugina លោក Alexander Dugin ត្រូវគេជឿថា មានឥទ្ធិពលលើការរៀបចំយុទ្ធសាស្ត្រវាយលុកលើអ៊ុយក្រែន របស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។
គណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ខ្លួនជឿថាមាននរណាម្នាក់បានរៀបចំគម្រោង និងបញ្ជាឲ្យរថយន្តផ្ទុះដែលបានសម្លាប់នាង Darya Dugina ដោយបានផ្អែកលើភស្តុតាងដែលប្រមូលបានពីកន្លែងកើតហេតុ។ លោក Alexander Dugin គឺជាអ្នកនិពន្ធ និងមនោគមវិជ្ជាមួយរូបរបស់រុស្ស៊ីដែលត្រូវគេស្គាល់ថាជាស្ថាបត្យករ ឬអ្នកបញ្ចេញគំនិតយោបល់ទាក់ទងនឹងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន