បាល់ទាត់៖ ខ្សែបម្រើនៃក្លិបអ៊ីតាលី AS Roma, Georginio Wijnaldum បានរងរបួសរហូតបាក់ជើងអំឡុងការហ្វឹកហាត់កាលពីថ្ងៃអាទិត្យ ធ្វើឱ្យអតីតកីឡាកររបស់ Liverpool រូបនេះប្រឈមនឹងអវត្តមានពី World Cup។ ខ្សែបម្រើហូឡង់វ័យ ៣១ឆ្នាំរូបនេះទើបតែចូលរួមជាមួយ AS Roma ពីរសប្តាហ៍មុនប៉ុណ្ណោះក្រោយផ្លាស់ពីក្លិបបារាំង Paris Saint Germain។
ក្លិបនៅ Serie A មួយនេះបានបញ្ជាក់ពីរបួសជើងឆ្វេងរបស់ Wijnaldum តែមិនបានបញ្ជាក់ថានឹងត្រូវអវត្តមានរយៈពេលយូរកម្រិតណាឡើយ ខណៈក្រុមគ្រូពេទ្យនៅបន្តតាមដានស្ថានភាពរបួសនៅឡើយ។ Georginio Wijnaldum គឺជាសមាជិកឈ្នះជើងឯក English Premier League និង UEFA Champions League ជាមួយហង្សក្រហម Liverpool មុនពេលផ្លាស់ទៅកាន់ Paris Saint Germain។ កីឡាករដែលមានដើមកំណើតនៅទីក្រុង Rotterdam ប្រទេសហូឡង់រូបនេះធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិហូឡង់បាន ៨៦លើក។ ក្រុមហូឡង់ស្ថិតក្នុងពូល A នៅ World Cup 2022 ប្រទេសកាតាឆ្នាំនេះជាមួយក្រុមម្ចាស់ផ្ទះកាតា សេណេហ្កាល់ និងអេក្វាដ័រ៕
អត្ថបទ៖នាង សុភាវុធ