ភ្នំពេញ៖ ជាគុណសម្បត្តិក្រោយពេលបរិច្ចាគឈាម គឺអាចជួយកាត់បន្ថយការលើសសម្ពោធឈាម និងជាពិសេសអ្នកមានជាតិខ្លាញ់ច្រើន។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញ ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហានេះ បានប្រាប់BTVថា តម្រូវការឈាមជារៀងរាល់៦នាទីម្តង ត្រូវការឈាមមួយប្លោក ដើម្បីសង្គ្រោះអាយុជីវិតជនរងគ្រោះ ហើយការផ្គត់ផ្គង់ឈាម គឺមិនគ្រប់គ្រាន់សម្រាប់តម្រូវការនោះទេ ដូច្នេះទើបមានគោលនយោបាយផ្តល់ឈាមជំនួសដោយសាច់ញាតិជនរងគ្រោះ។
ក្រៅពីនេះ លោកវេជ្ជបណ្ឌិត បានលើកឡើងពីគុណសម្បត្តិ នៃការបរិច្ចាគឈាមជួយដល់សារពាង្គកាយមួយចំនួនផងដែរ។ ការឱ្យដឹង ដូច្នេះរបស់លោកវេជ្ជបណ្ឌិត ធ្វើឡើងក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត រៀបចំដោយសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួង មុខងារសាធារណៈ បានមានប្រសាសន៍ថា កម្មវិធីបរិច្ចាគឈាមនៅពេលនេះ មិនមែនជាលើកទី១នោះទេ ពោលគឺសាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីបែបនេះចំនួន២លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ដោយមានសប្បុរសជនស្ម័គ្រចិត្តចូលរួមសរុបចំនួន១២៩អង្គ-នាក់ ដែលមានសមាសភាពជាព្រះសង្ឃ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ និងសប្បុរសជនផ្សេងទៀត។ ចំពោះកម្មវិធីលើកទី៣ ក្នុងឆ្នាំនេះ សប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើងគួរឲ្យកត់សម្គាល់។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្តត់ផ្គង់ឈាមទៅតាមមន្ទីរ ពេទ្យរដ្ឋ ចំនួនជាង ៦ម៉ឺនប្លោក ខណៈតម្រូវការ នៅតែបន្តមាន៕ អត្ថបទ៖ ទូច សោភ័ណ