ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានធ្វើការចាប់ខ្លួនជនសង្ស័យ ដែលជាឧក្រិដ្ឋជនជួញដូរមនុស្សបានចំនួន ៦០នាក់ ខណៈសង្រ្គោះជនរងគ្រោះដែលមកពី១១ជាតិសាសន៍បានជាង ៦០០នាក់ ដោយករណីទាំងនេះ បានរកឃើញនៅខេត្តព្រះសីហនុ ខេត្តកណ្តាល កោះកុង បន្ទាយមានជ័យ ស្វាយរៀង និងរាជធានីភ្នំពេញ។
ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយមានកិច្ចជំនួបពិភាក្សាជាមួយតំណាងអង្គការសហប្រជាជាតិទាក់ទងនឹងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ អាជ្ញាធរកម្ពុជាបានបង្រ្កាបអំពើជួញដូរមនុស្សបានចំនួន ៤៧ករណី ហើយបានចាប់ខ្លួនជនជាតិចិន ,ម៉ាឡេស៊ី វៀតណាម និងជនជាតិខ្មែរបានចំនួន៦០នាក់ បញ្ជូនទៅកាន់តុលាការដោយសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សខុសច្បាប់ ដែលជនសង្ស័យទាំងនេះ បានបោកបញ្ឆោតជនរងគ្រោះពីប្រទេសផ្សេងៗចូលមកកម្ពុជាដោយសន្យាឲ្យធ្វើការទទួលបានប្រាក់កម្រៃជាច្រើននោះ។
នៅក្នុងកិច្ចសម្ភាសន៍នេះ លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់បន្ថែមទៀតថា បទល្មើសជួញដូរមនុស្សដែលបានកើតឡើងលើទឹកដីកម្ពុជានេះ គឺពុំមែនកម្ពុជាជាអ្នកធ្វើខ្លួនឯងនោះទេ ពោលគឺជនបោកបញ្ឆោតជាជនបរទេស មេខ្យល់នាំចូលក៏ជាជនបរទេស ហើយបាននាំជនបរទេសមករងគ្រោះនៅប្រទេសខ្មែរយើងទៅវិញ រហូតត្រូវបានគេរិះគន់ ហើយបានឈានដល់ការដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅ ដែលជាប្រទេសជាប់ពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សជាដើមនោះ។
ទោះជាយ៉ាងណាក៏ដោយលោកជំទាវ ជូ ប៊ុនអេង បានលើកឡើងផងដែរថា កម្ពុជានៅតែមានការប្តេជ្ញាចិត្តជានិច្ចចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបង្រ្កាប់អំពើជួញដូរមនុស្សនេះ នឹងធ្វើការសំអាតចំពោះបញ្ហានេះឲ្យអស់នាពេលឆាប់ៗនេះផងដែរ៕ អត្ថបទ៖ បាន ចក់


