ភ្នំពេញ៖ រយៈពេល១០ឆ្នាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបំពេញបេសកកម្មជួយព្យាបាលជំងឺដល់ពលរដ្ឋនៅទូទាំងប្រទេស បានចំនួនជិត ៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរចំនួនជាង ៦ពាន់នាក់ ហើយ TYDA ក៏បានចូលរួមយ៉ាងសកម្មភាពផងដែរ លើការងារជួយព្យាបាលអ្នកជំងឺកូវីដ-១៩ និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចការចូលរួមប្រយុទ្ធប្រឆាំងនេះជំងឺនេះ ។
ក្នុងពិធីបញ្ចូលសមាជិក TYDA ចំនួន ៨០០នាក់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ មានប្រសាសន៍ថា សកម្មភាពរបស់ TYDA មិនមែនជាយន្តការដែលមកជំនួសឱ្យយន្តការរបស់រាជរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាយន្តការមួយ ដែលដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលស្របទៅតាមការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលផងដែរ ជាពិសេសគឺការលើកទឹកចិត្តផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលផ្ទាល់តែម្តង ។
ឯកឧត្តម បានបន្តថា ជាគោលនយោបាយថ្នាក់ជាតិ និងជាគោលគំនិតដ៏សប្បុរសរបស់ សម្តេចតេជោ គឺសម្តេចតែងតែលើកទឹកចិត្តជានិច្ចដល់អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ឱ្យចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាពដែលអាចធ្វើបាន ក្នុងនោះវិស័យសុខាភិបាលក៏ជាវិស័យអាទិភាពមួយផងដែរ ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា គិតត្រឹមឆ្នាំ២០២២នេះ TYDA មានអាយុ១០ឆ្នាំមកហើយ និងមានសមាជិក-សមាជិកាចំនួនជាង ៨ពាន់នាក់ ហើយបានធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ជាលទ្ធផលបានព្យាបាលប្រជាពលរដ្ឋបានចំនួនជិត ៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៦ពាន់នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្ត នៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ ត្រូវបានវះកាត់ដោយជោគជ័យ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ គឺជាយន្តការបើកច្រក និងផ្ដល់ឱកាសឱ្យសមាជិក-សមាជិកា ចូលរួមដោយគ្មានការរើសអើង ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ក្រោមការសហការជាមួយដៃគូសហការផ្សេងៗយ៉ាងទូលំទូលាយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ