ភ្នំពេញ៖ បណ្ដាខេត្តមួយចំនួននៅតាមព្រំដែនជាប់ជាមួយប្រទេសថៃ ចាប់ផ្ដើមរងការជន់លិច ក្រោយមានភ្លៀងធ្លាក់ជាប់គ្នាច្រើនថ្ងៃជាបន្តបន្ទាប់ ដែលបង្កឱ្យមានការបាក់ទំនប់ និងមានការជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅទីទួលសុវត្ថិភាព និងក៏បានឆក់យកជីវិតពលរដ្ឋមួយរូប ក្នុងស្រុកសំឡូត ខេត្តបាត់ដំបងផងដែរ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
បញ្ហាទឹកជំនន់នៅតាមបណ្ដាខេត្តនៅជាប់ព្រំដែនប្រទេសថៃ បានឆក់យកអាយុជីវិតប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ហេតុការណ៍នេះ គឺកើតដោយការក្រឡាប់ទូក ពេលឆ្លងកាត់ទឹកស្ទឹង តាតោក ដែលកំពុងមានការហូរខ្លាំង។ គ្រោះថ្នាក់នេះ គឺមានជនរងគ្រោះ១នាក់ បានរួចផុតជីវិត រីឯជនរងគ្រោះមួយរូបទៀត ត្រូវបានរកឃើញសាកសព ក្រោយមានការចុះអន្តរាគមន៍ស្វែងរក។នេះជាការលើកឡើងរបស់ លោក សុទ្ធ គឹមកុលមុនី ជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី ២២ ខែសីហា នេះ។
បញ្ហាទឹកជំនន់នេះ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កំពុងរងការជន់លិចក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងដែរ។
លោកបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្តបញ្ហាទឹកបានបង្កឱ្យមានការបាក់ទំនប់ អន្លង់ក្រពើ មានការជន់លិចផ្លូវ មួយចំនួន។ ចំពោះស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងខេត្តឧត្តរមានជ័យវិញ ក៏មានការជន់លិចដែរ។ ការជន់លិចនេះ ក៏បង្កឱ្យមានការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពមួយចំនួនផងដែរ។ លោក បញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ ពុំទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរនោះទេ។
ការជន់លិចនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានដាក់កងកម្លាំងរបស់ខ្លួន ចុះទៅជួយអន្តរាគមជួយសង្រ្គោះជម្លៀសប្រជាពលរដ្ឋ ក្នុងតំបន់រងការជន់លិចផងដែរ។
ចំពោះទីតាំងខេត្តបន្ទាយមានជ័យ ខណៈនេះក៏កំពុងត្រៀមប្រចាំការជួយ ២៤ម៉ោងផងដែរ។ ការត្រៀមនេះ គឺដោយសារខាងប្រទេសថៃ កំពុងរងការជន់លិចខ្លាំង។ នេះជាការបញ្ជាក់ថែមរបស់ អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
បញ្ហាទឹកជំនន់នេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែសីហា ខេត្តមួយចំនួនអាចប្រឈមជំនន់ទឹកភ្លៀង។ ខេត្តទាំងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី ៕ អត្ថបទ៖ គឹមហុក














