ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញព័ត៌មានមួយថា រដ្ឋាភិបាលអង់គ្លេសបានចេញសេចក្តីលម្អិតជាងមុនមួយ អំពីសំណើកែលម្អប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP)។ ប្រព័ន្ធកែលម្អនេះ មានលក្ខណៈធូរជាងមុនសម្រាប់ផលិតផលធ្វើដំណើរ ប៉ុន្តែសម្រាប់ផលិតផលសំលៀកបំពាក់គឺរក្សានៅដដែល។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ បានលើកឡើងថា កម្ពុជា នៅតែទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូលំទូលាយ ដោយគ្មានកំណត់កូតាសម្រាប់គ្រប់មុខទំនិញទាំងអស់ លើកលែងតែគ្រឿងសព្វាវុធសម្រាប់កម្ពុជា និងរាល់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។
បើតាមGMAC ប្រព័ន្ធអនុគ្រោះពន្ធទំលំទូលាយនេះ ស្ថិតក្នុងចំណោមប្រព័ន្ធអនុគ្រោះពន្ធពីរផ្សេងទៀត ការអនុគ្រោះតាមស្តង់ដារ, ការអនុគ្រោះប្រសើរឡើង ដែលរដ្ឋាភិបាលអង់គ្លេសបានកែលម្អ។
ប្រភពខាងលើ បានបន្ថែមថា ផលិតផលធ្វើដំណើរគឺរួចពន្ធក្រោមប្រព័ន្ធគ្រប់ថ្នាក់ទាំងបី ប៉ុន្តែសំលៀកបំពាក់គឺរួចពន្ធតែក្រោមថ្នាក់ប្រសើរឡើង និងថ្នាក់ទូលំទូលាយ។
ឥឡូវនេះ លក្ខណៈវិនិច្ឆ័យសម្រាប់ថ្នាក់ប្រសើរឡើង គឺជាលក្ខណៈវិនិច្ឆ័យភាពងាយរងគ្រោះសេដ្ឋកិច្ចសាមញ្ញ ដែលផ្ទុយពីលក្ខណៈវិនិច្ឆ័យសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធ GSP របស់អឺរ៉ុប។ មានន័យថា ស្ទើរតែរាល់ប្រទេសទាំងអស់ដែលមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ពេលនេះគឺជាផ្នែកនៃថ្នាក់ប្រសើរឡើង។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស សម្រេចបាន ៥៨១លានដុល្លារ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង ៤៥.៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសរួមមាន សំលៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្ម ខណៈដែលការនាំចូលសំខាន់ៗពីអង់គ្លេសវិញ រួមមាន យានជំនិះ គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់៕ អត្ថបទ៖ ឈិត បូរ៉ាវី