វាយកូនបាល់៖ ការប្រកួតវាយកូនបាល់កម្មវិធី Cincinnati Open នៅសហរដ្ឋអាមេរិកបានបិទបញ្ចប់ហើយ ដោយជើងឯកបានទៅកីឡាករក្រូអាស៊ី Borna Coric ផ្នែកបុរស ខណៈផ្នែកនារីបានទៅកីឡាការិនីបារាំង Caroline Garcia។

សំរាប់ការប្រកួតផ្នែកនារី កីឡាការិនីបារាំង Caroline Garcia បានបង្កើតប្រវត្តិសាស្ត្រក្រោយក្លាយជាកីឡាការិនីទី១ ដែលមកពីវគ្គជំរុះរហូតឈ្នះជើងឯកនៅក្របខណ្ឌក្របខណ្ឌ WTA 1000។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាការិនីវ័យ ២៨ឆ្នាំបារាំងរូបនេះបានយកឈ្នះកីឡាការិនីឆេក Petra Kvitova ដោយលទ្ធផល ៦-២ និង ៦-៤។ នេះជាជើងឯកនៅក្របខណ្ឌ Masters លើកទី៣ ប៉ុណ្ណោះសំរាប់ Caroline Garcia បន្ទាប់ពីឈ្នះពីរលើកមុននៅទីក្រុងវូហាន និងប៉េកាំងប្រទេសចិនកាលពី ៥ឆ្នាំមុន។ ជ័យជំនះនេះដែរធ្វើឱ្យ Caroline Garcia ដែលឈរលេខ៣៥ ពិភពលោក ឡើងមកឈរលេខ២០ ពិភពលោកជាលើកដំបូងរាប់ពីឆ្នាំ២០១៧។
ងាកមកការប្រកួតផ្នែកបុរសវិញក៏មានការបំបែកប្រវត្តិសាស្ត្រដែរ ដោយកីឡាករក្រូអាស៊ី Borna Coric បានក្លាយជាកីឡាករដែលមានចំណាត់ថ្នាក់ពិភពលោកទាបបំផុតឈ្នះជើងឯកក្នុងកម្មវិធី Masters។ Borna Coric មានចំណាត់ថ្នាក់ពិភពលោកលេខ ១៥២ បានយកឈ្នះកីឡាករក្រិក Stefanos Tsitsipas នៅវគ្គផ្តាច់ព្រ័ត្រ ៧-៦(៧-០) និង ៦-២។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានបំបែកកំណត់ត្រារបស់កីឡាករអេស្ប៉ាញ Roberto Carretero ដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ១៤៣ ឈ្នះជើងឯកនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ១៩៩៦។ សូមបញ្ជាក់ថា Borna Coric ធ្លាប់មានចំណាត់ថ្នាក់ពិភពលោកល្អបំផុតលេខ ១២ តែក៏បានអវត្តមានមួយឆ្នាំពេញដោយសាររបួសស្មា និងទើបតែវិលចូលប្រកួតវិញកាលពីខែមិនាប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ