ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា ស្ត្រីជនជាតិខ្មែរម្នាក់ទៀតអាយុ ៧២ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីរសៀលថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២០នាក់ហើយនៅត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីខ្មែររូបនេះដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីសួតទាំងសងខាងរបស់គាត់ ត្រូវបានបំផ្លាញដោយសារវីរុសកូវីដ១៩។
បើតាមក្រសួងសុខាភិបាល ស្ត្រីខ្មែររូបនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាមួយអាការៈហត់ខ្លាំងកាលពីព្រឹកថ្ងៃទី០២ ខែមេសា ហើយលទ្ធផលវិភាគលើសំណាករបស់គាត់ចេញថ្ងៃម្សិលមិញនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។
តួលេខចេញដោយក្រសួងសុខាភិបាល បានឱ្យដឹងថា តួលេខមនុស្សស្លាប់ដោយជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់ចំនួន ២០នាក់ហើយនៅគិតចាប់តាំងពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ ដែលកម្ពុជាមានករណីស្លាប់លើកដំបូង៕
