កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទនេះទីក្រុង Washington និង Seoul បានចាប់ផ្ដើមល្បែងសង្គ្រាមយោធារួមគ្នាដ៏ធំបំផុតរបស់ប្រទេសទាំង២ ក្នុងពេលប៉ុន្មានឆ្នាំនេះ។ សមយុទ្ធដែលមានឈ្មោះថា Ulchi Freedom Shield គ្រោងនឹងបន្តរហូតដល់ថ្ងៃទី១ ខែកញ្ញានឹងមានការចូលរួមពីនាវាចម្បាំង កាំភ្លើងធំ ព្រមទាំងទាហានហ្វឹកហ្វឺនរាប់ពាន់នាក់សម្រាប់សេនារីយ៉ូការពារ និងការវាយបក។

យោងតាមសារព័ត៌មាន Yonhap ដំណាក់កាលដំបូងនៃការធ្វើសមយុទ្ធនេះ នឹងត្រូវផ្ដោតលើការទប់ទល់ការវាយប្រហារពីកូរ៉េខាងជើង ព្រមទាំងឆ្លើយតបការការពារស៊ីវិលរហូតដល់ការប្រៀបប្រដូចទៅនឹងគំរាមកំហែងពិតៗ ដូចជាអគ្គិភ័យនៅរោងចក្រផលិតបន្ទះអេឡិចត្រូនិក ភេរវកម្មនៅអាកាសយានដ្ឋាន ឬការរកឃើញគ្រឿងផ្ទុះកែច្នៃនៅរោងចក្រថាមពលនុយក្លេអ៊ែរនានា។ ដំណាក់កាលពី២ កងកម្លាំងប្រទេសជាសម្ព័ន្ធមិត្តទាំង២ នឹងផ្ដោតជាសំខាន់ទៅលើសមត្ថភាពវាយបកដោយការធ្វើសមយុទ្ធបាញ់គ្រាប់ពិត អំឡុងមានកម្មវិធីហ្វឹកហាត់លាយបញ្ចូលគ្នាជាង ១០ជំនាញខុសៗគ្នា។

យ៉ាងណាក៏ដោយ សមយុទ្ធទាំងនោះអាចនាំឲ្យមានការខឹងសម្បារឆ្លើយពីកូរ៉េខាងជើង ដែលបានបាញ់សាកល្បងអាវុធរបស់ខ្លួនជាច្រើនលើកនៅឆ្នាំនេះ ខណៈមានការគំរាមម្ដងហើយម្ដងទៀតពីការផ្ទុះជម្លោះជាមួយទីក្រុង Seoul និង Washington ខណៈដំណោះស្រាយការទូតជាប់គាំង។ ប្រជាពលរដ្ឋកូរ៉េខាងត្បូងមួយក្រុមបានប្រមូលផ្ដុំគ្នា នៅខាងក្រៅក្រសួងការពារជាតិអំពាវនាវឲ្យផ្អាកសមយុទ្ធនេះជាបន្ទាន់៕
អត្ថបទ៖ សុខមាន