ប្រណាំងម៉ូតូ៖ កីឡាករអ៊ីតាលី Francesco Bagnaia បានប្រជែងឈ្នះការប្រណាំងម៉ូតូ GP នៅប្រទេសអូទ្រីសដែលជាជ័យជំនះទី៣ ក្នុងរដូវកាល។ កីឡាកររបស់ក្រុម Ducati រូបនេះបាននាំមុខការប្រកួតតាំងពីពេលចេញដំណើរ បន្ទាប់ពីចេញដំបូងនៅលេខ២ ហើយបានវ៉ាជែងអ្នកនាំមុខ Enea Bastianini តាំងពីពេលដំបូង។

Francesco Bagnaia បានមកដល់ទីព្រ័ត្រមុនគេនៅចំពោះមុខកីឡាកររបស់ក្រុម Yamaha, Fabio Quartararo និងលេខ៣ កីឡាកររបស់ក្រុម Ducati មួយរូបទៀត Jack Miller។ ជ័យជំនះនេះធ្វើឱ្យ Bagnaia បានក្លាយជាកីឡាករអ៊ីតាលីទី២ ប៉ុណ្ណោះដែលឈ្នះការប្រកួត ៣ទីលានជាប់គ្នាបន្ទាប់ពី Valentino Rossi។ យ៉ាងណាក្តីអ្នកនាំមុខគេក្នុងតារាងជើងឯកពិភពលោក នៅតែជាកីឡាករបារាំង Fabio Quartararo មានសរុប ២០០ពិន្ទុ, លេខ២ កីឡាករអេស្ប៉ាញ Aleix Espargaro មាន ១៦៨ពិន្ទុ និងលេខ៣ Francesco Bagnaia មាន ១៥៦ពិន្ទុ។ ទីលានបន្ទាប់ម៉ូតូ GP នឹងបន្តទៅទឹកដីសាន់ម៉ារីណូនៅថ្ងៃទី៤ ខែកញ្ញាដែលជាទីលានទី១៤ រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ