ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានទទួលជួបឯកឧត្តម ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។
ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងឱកាសនេះ បានរួមចំណែកក្នុងការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ។
ឯកឧត្តម ឡេ ហាយជុង បានជម្រាបជូនសម្តេចវិបុលសេនាភក្តីជ្រាបថា នេះគឺជាលើកទី១ហើយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសការឈានមុខគេក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងការស្តានិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ៕


