ភ្នំពេញ ៖ រាជធានីភ្នំពេញនឹងមានការសាងសង់ស្ពានអាកាសចំនួន២កន្លែងទៀតនាពេលឆាប់ៗនេះ គឺនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ និងចឱណុចប្រសព្វផ្លូវ២០០៤ជាមួយមហាវិថីសហព័ន្ធរុស្ស៊ី។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង បន្ថែមទៀត គឺ១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ ២៧១ ត្រង់តំបន់ច្រមុះជ្រូកក្បាលថ្នល់ និង២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សុី មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ ២០០៤ និងផ្លូវលេខ ២០១១ ។
គួររំលឹកថា គម្រោងសាងសង់ស្ពានអាកាសទាំង២កន្លែងនេះ មន្រ្ដីជំនាញមិនទាន់បានបញ្ជាក់ពីគម្រោងចាបើផ្ដើមការដ្ឋាននៅពេលណាមួយនៅឡើយទេ ប៉ុន្តែកន្លងមករដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់បានប្រជុំពិភាក្សាគ្នាជាច្រើនលើកច្រើនសារមកហើយ ទើបតែពេលនេះ គម្រោងដ៏មានសារៈសំខាន់ក្នុងការរំដោះលំហូរចរាចរណ៍ដ៏មមាញឹកនេះទទួលបានការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី៕
អត្ថបទ ប្រាក់ វ៉ាន់ដា

