ស្ទឹងត្រែង ៖ មន្ត្រីជំនាញ កាលពីចុងសប្ដាហ៍មុននេះ បានឆ្មក់បង្ក្រាបអាជីវកម្មសាច់សត្វព្រៃនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ដែលត្រូវបានគេដឹងថាកើតមានរាប់ឆ្នាំមកហើយ ។
លោក នួន ពិសី អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានឱ្យដឹងថា នេះជាលើកទី៤ហើយ ដែលកម្លាំងរបស់មន្ទីរបរិស្ថាន និងមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ជា សុភ័ក្រ្ដ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានឆ្មក់បង្ក្រាប និងដកហូតយកសាច់ព្រៃពីការធ្វើអាជីវកម្ម បើ ទោះជាការឆ្មក់បង្ក្រាបរាល់លើកមិនដែលចាប់បានអ្នកលក់ក៏ដោយ។
លោក បានឱ្យដឹងថា ការឆ្មក់បង្ក្រាបលើកនេះ ក៏មិនអាចចាប់អ្នកលក់បានដែរ តែដកហូតបានសត្វត្រកួតរស់ចំនួន០៣ក្បាល និងសាច់សត្វព្រៃមួយចំនួនតែប៉ុណ្នោះ។
ប្រជាពលរដ្ឋ បានគាំទ្រសកម្មភាពបង្ក្រាបបទល្មើសអាជីវកម្មសត្វព្រៃនេះ ទោះបីជាឃាត់ខ្លួនអ្នកលក់មិនបានមែន តែក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់មន្ត្រីជំនាញ និងបានធ្វើឱ្យឈ្មួញមានការកោតញញើតខ្លះដែរ ។
ប្រជាពលរដ្ឋ ស្នើសុំឱ្យមានការបង្ក្រាបបែបបនេះរាល់មួយសប្តាហ៍ម្តង ទើបមានប្រសិទ្ធភាព តែបើការចុះបង្ក្រាបរបស់សមត្ថកិច្ច ទាល់តែមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនោះ មិនទទួលបានលទ្ធផលល្អទេ។
នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ សមត្ថកិច្ច បានបង្ក្រាបបទល្មើសលក់សត្វព្រៃ ចំនួន៣លើកមកហើយ និងប្រមូលយកវត្ថុតាងសាច់សត្វជ្រូកព្រៃ ត្រកួត ឈ្លូស ប្រើស កាំប្រម៉ា ជាដើម យកទៅដុតចោលភ្លាមៗ ចំណែកសត្វនៅរស់ ត្រូវបានយកទៅលែងចូលព្រៃវិញ៕
អត្ថបទ៖ មាស ផល្លា

