ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអះអាងថា: បរិវត្តកម្មឌីជីថលបានក្លាយជាដំណើរអភិវឌ្ឍន៍រួមមួយ សម្រាប់គ្រប់តួអង្គ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ ដែលយើងត្រូវរួមគ្នាធ្វើដំណើរលើផ្លូវមួយនេះ ប្រកបដោយភាពម្ចាស់ការ ដោយបន្តស្វែងយល់, សម្របខ្លួន និងក្តាប់យកកាលានុវត្តភាព ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា ជាប់ជាប្រចាំ។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី យ៉ាងដូច្នេះ បានឱកាសដែរក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ បានរៀបចំ “ពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប” នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធចម្រុះ (ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ) និងចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ តំណាងវិស័យឯកជន ព្រមទាំងសិក្ខាកាម សរុបប្រមាណ ៣០០ នាក់។ កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លើយតប នឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងចូលរួមស្ដារកំណើនទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថល សម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ព្រមទាំងមន្ត្រីទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា បច្ចេកវិទ្យា និងអ៊ីនធឺណិត បានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នៅគ្រប់កោសិកា គ្រប់ផ្នែក គ្រប់វិស័យ នៃជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានធ្វើឱ្យមានការប្រែប្រួលលើកត្តាផលិតកម្ម, កម្លាំងពលកម្ម, ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ។ បច្ចេកវិទ្យាបានជំរុញឱ្យមានការផ្លាស់ប្តូររបៀបរបបនៃការរស់នៅ ហើយបានក្លាយជាមូលដ្ឋាននៃការទំនាក់ទំនង ការបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។
ឯកឧត្តម ប្រធាន ក៏បានវាយតម្លៃថា អក្ខរកម្មឌីជីថល បានក្លាយជាតម្រូវការមូលដ្ឋាន សម្រាប់ ប្រជាពលរដ្ឋទូទៅ នៅគ្រប់វ័យ ទាំងវ័យចំណាស់, វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន។ ជាក់ស្តែង ការប្រែប្រួលបរិបទសង្គម សេដ្ឋកិច្ច បានស្តែងចេញជាការប្រែប្រួល ផ្នែកតម្រូវការបុគ្គល គ្រួសារ និងស្ថាប័ន ដែលតម្រូវឱ្យមានភាពចាំបាច់ក្នុងការស្វែងយល់ពីនិន្នាការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាពជីវិត គុណភាពនៃការសិក្សា គុណភាពការងារ និងគុណភាពនៃការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ស្របតាមប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងពីសារៈសំខាន់នៃ ការសិក្សារៀនសូត្រពេញមួយជីវិត។
នាឱកាសពិធីបើកវគ្គនេះ ឯកឧត្តម ថោង ខុន បានថ្លែងថា ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃតម្រូវការរបស់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ, ឌីជីថលូបនីយកម្ម បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយ វិបត្តិជំងឺកូវីដ-១៩ បានក្លាយជាកាតាលីកររុញដោលឱ្យការប្រើបច្ចេកវិទ្យាជាដំណោះស្រាយ កាន់តែ មានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការប្រទាក់ក្រឡាគ្នាជាបន្តបន្ទាប់ ដែលរួមបញ្ចូលការជំរុញឱ្យប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ដែលនឹងចូលរួមរុញដោលការអភិវឌ្ឍវិស័យ ទេសចរណ៍ ឱ្យដល់កម្រិតដូចមុនពេលវិបត្តិ និងកាន់តែប្រសើរជាងមុន ទាំងលើទិដ្ឋភាពបរិមាណ និងគុណភាព ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញ ទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងខិតខំទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារសំខាន់ៗ នៅក្នុងដំណាក់កាលងើបឡើងវិញនេះ។ ជាក់ស្តែង ថ្មីៗនេះ នាឱកាស “ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ឱ្យសិក្សាប្រភពទីផ្សារគោលដៅ ដែលមានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថល ទាំងរដ្ឋ និងវិស័យឯកជន ពិសេសការគ្រប់គ្រងឧស្សាហកម្ម ទេសចរណ៍តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដើម្បី បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិ, បន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យទេសចរណ៍ ដោយអភិវឌ្ឍន៍ជំនាញ និងជំរុញអក្ខរកម្មឌីជីថល, រួមជាមួយការពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅតាមតំបន់អាទិភាព និងគោលដៅទេសចរណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរទេសចរជាតិ និងទាក់ទាញទេសចរអន្តរជាតិបន្ថែម។
នៅចុងបញ្ចប់នៃអង្គពិធីនេះ ឯកឧត្តមគណៈអធិបតី បានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលកន្លងមក និងលើកទឹកចិត្តដល់សិក្ខាកាម ដែលត្រូវចូលរួមវគ្គបណ្តុះបណ្តាល សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប ឱ្យយកចិត្តទុកដាក់ និងខិតខំចូលរួមស្វែងយល់ឱ្យបានពេញលេញគ្រប់មុខវិជ្ជា ដើម្បីមានសមត្ថភាពទាញយកសក្តានុពលពីបច្ចេកវិទ្យា ជាប្រយោជន៍ សម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់ស្ថាប័ន៕
អត្ថបទ ៖ រដ្ឋា










