
ភ្នំពេញ៖ វៀតណាម បានសរសើរដល់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលនូវជោគជ័យជាច្រើន ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
ខណៈត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែសីហា នេះ ឯកឧត្តម ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងការបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើន ដែលកម្ពុជាសម្រេចបាន ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ។
ឯកឧត្តម ឡេ ហាយជុង បានបញ្ជាក់អំពីគោលបំណង នៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ដើម្បីជួយដល់ទំនាក់ទំនងសាមគ្គីភាព រវាងបក្ស និងបក្សរដ្ឋ និងរដ្ឋប្រជាជន និងប្រជាជន ធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ឡេ ហាយជុង ចំពោះការគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន និងសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាវិសាមញ្ញកន្លងមក។
សម្ដេចបានឯកភាពចំពោះការវាយតម្លៃ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដោយបានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច នឹងគាំទ្រឱ្យទំនាក់ទំនងនយោបាយ។
ក្នុងន័យនេះ ដោយឈរលើមូលដ្ឋានដែលមានស្រាប់ គប្បីណាជំរុញទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសបន្តការកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។
ឆ្លៀតឱកាសនោះ សម្ដេចក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះរដ្ឋាភិបាលវៀតណាម គណបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕ អត្ថបទ៖ មុត សុទ្ធ

