ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តឱ្យចក្រភពអង់គ្លេសបើកសាលាជាពិសេសចង់ឱ្យបើកសាកលវិទ្យាល័យនៅប្រទេសកម្ពុជាព្រោះថាសម្តេចបានសង្កេតឃើញមាននិស្សិតកម្ពុជាមានចំណាប់អារម្មណ៍ទៅបន្តការសិក្សានៅអង់គ្លេសជាច្រើន។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងយ៉ាងដូច្នេះក្នុងពេលអនុញ្ញាតឱ្យលោកជំទាវ ទីណា រិដស(Tina redshaw)ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងជម្រាបលា ខណៈលោកជំទាវបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
នៅក្នុងជំនួបសំដែងការគួរសម និងជំរាបលា លោកជំទាវបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសម្ដេចតេជោ ចំពោះមន្ត្រីរាជការទាំងអស់និងជូនចំពោះប្រជាជនកម្ពុជាដែលផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អធ្វើអោយបេសកកម្មរបស់លោកជំទាវនៅកម្ពុជាបានដំណើរការបានល្អប្រកបដោយអត្ថន័យនិងនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរួមមានទាំងវិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាលនិងវិស័យដោះមីនជាដើម។លោកជំទាវបានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវមានសុទិដ្ឋិនិយមដែលប្រទេសកម្ពុជានឹងទទួលបាននៅថ្ងៃអនាគតនូវការអភិវឌ្ឍដោយចីរភាព។
ជាការឆ្លើយតប សម្ដេចបានថ្លែងអំណរគុណជូនចំពោះលោកជំទាវទីណា ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មរបស់លោកជំទាវ លើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងចក្រភពអង់គ្លេស។សម្តេចតេជោបាន ថ្លែងអំណរគុណផងដែរ ដល់ប្រជាជននិងរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលកន្លងមក តែងតែផ្ដល់ជំនួយដល់កម្ពុជាចូលរួមចំណែកទាំងការស្វែងរកសន្តិភាពនិងការអភិវឌ្ឍកម្ពុជា។ សម្ដេចបានជម្រាបជូនលោកជំទាវទីណាថា៖សម្ដេចបានសង្កេតឃើញនូវចរន្តដែលនិស្សិតកម្ពុជាកំពុងតែពេញនិយមទៅបន្តការសិក្សា នៅចក្រភពអង់គ្លេស។ក្នុងន័យនេះ សម្ដេចបានលើកទឹកចិត្តឱ្យមានការបើកសាលារបស់អង់គ្លេសនៅប្រទេសកម្ពុជា ជាពិសេសជំរុញឱ្យមានសកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ជាទីបញ្ចប់សម្ដេចបានជូនពរអោយលោកជំទាវទីណា រិដស ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់លោកជំទាវទៅថ្ងៃអនាគត៕




