
សម្តេចតេជោបង្ហាញពីរូបភាពជាច្រើនសន្លឹកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងជំនួបជាមួយមេដឹកនាំនៃប្រទេសនានា ដោយចំអកទៅអ្នកវិភាគមួយចំនួន អោយបង្កើនចំណេះដឹងនិងទៅរៀនចេះដឹងអោយច្រើន ខណៈដែលឯកឧត្តម ហ៊ុន ម៉ាណែត មិនមែនជួបតែមេដឹកនាំវៀតណាម កាលពីពេលថ្មីនេះ នោះទេ។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈផេកហ្វេសប៊ុក ផ្លូវការបានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា
« ខ្ញុំបង្ហោះរូបភាពហ៊ុន ម៉ាណែតទស្សនកិច្ចនៅចិនជប៉ុន សង្ហបុរី ថៃ ប្រុយណេនិងចុងក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នកវិភាគខ្លះដើម្បីបង្កើនចំណេះដឹង។ហ៊ុន ម៉ាណែតមិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេដែលទទួលតែនៅមាននាយករដ្ឋមន្ត្រីសង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា។ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិឬឧបនាយករដ្ឋមន្ត្រីទទួល។ក្នុងឋាន:ជាសមភាគីនៃមេបញ្ជាការកងទ័ពជើងគោកនៅតាមប្រទេសនានានិងក៍ជាទម្លាប់ពិធីការតែងមានពិធីត្រួតពលទាំងយើងទៅប្រទេសគេទាំងគេមកប្រទេសយើង។


សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ចហ៊ុន ម៉ាណែត នៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះមកវិភាគព្រោះកំរិតទទួលនិងជំនួបមានចំនួនច្រើនហើយកំរិតខ្ពស់ទៀតផង។ម្យ៉ាងទៀតហ៊ុន ម៉ាណែតត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប(ហាតូយ៉ាម៉ា២០១១ សុីនហ្រូ អាបេ២០១៨គីសុីដា២០២២)។សង្ឃឹមថាអ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱយចេះដឹងជាងនេះ៕»


សូមបញ្ជាក់ថា នេះជាការចំអក និងការប្រដៅរបស់សម្តេចតេជោ ទៅកាន់អ្នកវិភាគមួយក្តាប់តូចគ្មានមូលដ្ឋានច្បាស់លាស់ លាបពណ៌ដោយយកទស្សនកិច្ចឯកឧត្តម ហ៊ុន ម៉ាណែតទៅកាន់វៀតណាមកន្លងទៅ មានមេដឹកនាំវៀតណាមមកទទួល ជាប្រធានបទមកនិយាយបែបអវិជ្ជមាន និងមានចេតនាបង្អាប់កិត្តិស័ព្ទរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនោះ។



