ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានចំអកដល់ក្រុមអ្នកវិភាគមួយចំនួន ដែលបានវិភាគបែបអគតិក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាម ដោយសម្ដេចបញ្ជាក់ថា អ្នកវិភាគអាចយករឿង ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុនកាលពីដើមឆ្នាំ២០២២ មកវិភាគបានត្រឹមត្រូវ ព្រោះកម្រិតទទួល និងជំនួប មានចំនួនច្រើន ហើយកម្រិតខ្ពស់ទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។
សម្ដេចតេជោបន្តថា “ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅវៀតណាមតិចជាងនៅជប៉ុន និងសិង្ហបុរីទៅទៀត” ។ សម្ដេចបញ្ជាក់ថា ឯកឧត្ដម ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន ៣រូបហើយអញ្ជើញទៅទស្សនកិច្ច ក្នុងនោះ ហាតូយ៉ាម៉ា ឆ្នាំ២០១១ ,ស៊ីនហ្សូ អាបេ ឆ្នាំ២០១៨ និង គីស៊ីដា ឆ្នាំ២០២២នេះ។
ជាមួយនឹងការវិភាគបែបអវិជ្ជមាន និងអគតិថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ជាដំណើរទៅស្វែងរកការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ឯកឧត្ដមហ៊ុន ម៉ាណែត នៅប្រទេសវៀតណាមនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនត្រូវការការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីពីប្រទេសណាទាំងអស់ មិនថាតែវៀតពណាមនោះទេ។ បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជា ត្រូវតែងតាំង និងគាំទ្រដោយគណបក្ស ហើយការបោះឆ្នោតជាតិ ក៏ត្រូវបានកម្ពុជាធ្វើឡើងជាទៀតទាត់។