អ៊ុយក្រែន៖ សកម្មភាពនានាដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់អ៊ុយក្រែន នៅថ្ងៃពុធស្អែកនេះត្រូវបានហាមឃាត់នៅក្នុងរដ្ឋធានី Kyiv របស់ប្រទេសនេះ និងនៅក្នុងទីក្រុងធំបំផុតទី២ Kharkiv ខណៈលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងក្រុមមន្ត្រីផ្សេងទៀតព្រមានថា រុស្ស៊ីអាចនឹងបើកការវាយប្រហារដោយមីស៊ីល។
លោក Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីកំពុងមានផែនការវាយប្រហារដ៏ខ្លាំងក្លាចំឱកាសដែលនឹងប្រារព្ធខួប ៣១ឆ្នាំចាប់តាំងពីអ៊ុយក្រែនបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយសហភាពសូវៀត និងស្របពេលដែលសង្គ្រាមបានឈានចូលជិត ៦ខែ។ លោក Zelenskyy បាននិយាយនៅក្នុងសារជាវីដេអូថា យើងត្រូវតែដឹងថា សប្ដាហ៍នេះរុស្ស៊ីអាចព្យាយាមនឹងធ្វើអ្វីមួយដ៏ស្មោកគ្រោក ឬជាអ្វីមួយដ៏សាហាវបំផុត។ នៅក្នុងរដ្ឋធានី Kyiv ដែលជាទីក្រុងរដ្ឋបាលយោធា បានចេញបម្រាមលើការជួបជុំទ្រង់ទ្រាយធំទាំងអស់ ចន្លោះពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ដោយនិយាយថា ទីក្រុងនេះត្រូវបានហាមប្រាមមិនឲ្យប្រារព្ធព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ការជួបជុំ និងការប្រមូលផ្ដុំគ្នាដោយភាពស្ងប់ស្ងាត់ និងព្រឹត្តិការណ៍ផ្សេងទៀតជាប់ពាក់ព័ន្ធនឹងសកម្មភាពជួបជុំទ្រង់ទ្រាយធំរបស់មនុស្ស។
នៅក្នុងទីក្រុង Kharkiv ជាទីដែលការវាយប្រហារឥតឈប់ និងមិនរើសមុខរបស់រុស្ស៊ីបានសម្លាប់ និងធ្វើឲ្យជនស៊ីវិលរាប់រយនាក់ស្លាប់ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃសង្គ្រាម ក្រុមអាជ្ញាធរបានប្រកាសអនុវត្តន៍បម្រាមគោចរពីម៉ោង ៧យប់ម៉ោងក្នុងស្រុក មុនពេលចូលដល់ថ្ងៃទិវាឯករាជ្យជាតិរហូតដល់ម៉ោង ៧ព្រឹកថ្ងៃបន្ទាប់៕
អត្ថបទ៖ សុខមាន