អឺរ៉ុប៖ អឺរ៉ុបប្រឈមនឹងការអាក់ខានថ្មីៗក្នុងការផ្គត់ផ្គង់ថាមពល ដោយសារតែការខូចប្រព័ន្ធបង្ហូរប្រេងចេញពីប្រទេសកាហ្សាក់ស្ថានកាត់តាមប្រទេសរុស្ស៊ី ដែលត្រូវបានរាយការណ៍ដោយប្រតិបត្តិករបំពង់បង្ហូរប្រេងកាលពីថ្ងៃចន្ទ បន្ថែមពីលើក្ដីកង្វល់ជុំវិញការធ្លាក់ចុះបរិមាណផ្គត់ផ្គង់ឧស្ម័ន។

តាមការបញ្ជាក់របាយការណ៍របស់សារព័ត៌មាន Reuters បណ្ដាញកិច្ចសហប្រតិបត្តិការការពារអតិថិជនហៅកាត់ថា CPC ដែលគ្រប់គ្រងប្រហែល ១% នៃប្រេងពិភពលោក ហើយម្ចាស់ភាគហ៊ុនធំជាងគេគឺក្រុមហ៊ុនបំពង់បង្ហូរប្រេងរបស់រុស្ស៊ី Transneft បាននិយាយថា ការនាំចេញពីចំណតនាវាចំនួន ២ ក្នុងចំណោមទីតាំងទាំង ៣ របស់ខ្លួននៅឯស្ថានីយសមុទ្រខ្មៅត្រូវបានផ្អាក។ លោកខាងលិចបានចោទរុស្ស៊ីថា បានរឹតត្បិតការផ្គត់ផ្គង់ថាមពលដើម្បីដំឡើងថ្លៃ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្ម ក្រោយការចូលវាយលុកប្រទេសអ៊ុយក្រែនរបស់រុស្ស៊ី ដែលវិមានក្រឹមឡាំងហៅថាជាប្រតិបត្តិការសឹកពិសេស។ រុស្ស៊ីបានទាត់ចោលការចោទប្រកាន់នេះ ដោយស្ដីបន្ទោសទណ្ឌកម្មលោកខាងលិចខ្លួនឯង និងបញ្ហាបច្ចេកទេសផ្សេងៗ។
ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះប្រមាណ ៧៥% នៅឆ្នាំនេះ ដោយការនាំចេញរបស់ក្រុមហ៊ុន Gazprom កាលពីសប្ដាហ៍មុនបានប្រកាសពីការត្រួតពិនិត្យដោយគ្មានគម្រោងលើបំពង់បង្ហូរប្រេង Nord Stream1 ដែលរត់កាត់ក្រោមបាតសមុទ្របាល់ទិកទៅកាន់ប្រទេសអាល្លឺម៉ង់។ តម្លៃឧស្ម័នធម្មជាតិបានហក់ឡើងខ្ពស់កាលពីថ្ងៃចន្ទ ដែលកង្វះថាមពលនេះបានបន្ថែមក្ដីកង្វល់មួយកម្រិតទៀតដល់ប្រទេសន័រវេស និងចក្រភពអង់គ្លេស៕
អត្ថបទ៖ សុខមាន