ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន សុទ្ធតែទទួលបានការដំឡើងប្រាក់បៀរវត្សរ៍ទាំងអស់ ដើម្បីជំរុញនិងបង្កើនល្បឿន នៃកម្រិតជីវភាព។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ធ្វើឡើងនៅអគារពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងរយៈពីរឆ្នាំចុងក្រោយនេះ ឆ្នាំ២០២០ និង២០២១ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន មិនត្រូវបានដំឡើងប្រាក់បៀរវត្សរ៍ទេ ដោយសាររាជរដ្ឋាភិបាល ខិតខំសន្សំសំចៃថវិកាដើម្បីចំណាយលើការប្រយុទ្ធប្រឆាំងកូវីដ ១៩។
សម្តេចតេជោ ហ៊ុន សែន បន្តថា រយៈពេលពីរឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលមានការចំណាយច្រើន ទន្ទឹមពេលដែលចំណូលមានការធ្លាក់ចុះ ដោយសារការបិទប្រទេស ហើយសកម្មភាពការនាំចេញ នាំចូល និងសកម្មភាពសេដ្ឋកិចុ្ចពាណិជ្ជកម្ម ក៏បានថមថយ។
បច្ចុប្បន្ននេះ ចំណាយមានការថមថយបន្តិច លើការងារព្យាបាលព្យាបាលកូវីដ១៩ ខណៈចំណូលបានកើនឡើងវិញ។ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ការដំឡើងប្រាក់បៀរវត្សរ៍នេះ គឺផ្តល់អាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាល ដែលគ្រូបង្រៀន និងគ្រូពេទ្យជាអាទិភាព ដែលទទួលបានប្រាក់ខែខ្ពស់ជាងគេ៕ អត្ថបទ៖ វណ្ណៈ





