បាល់ទាត់៖ ការប្រកួតក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League រកឃើញក្លិបពីរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយគឺអតីតជើងឯកទាំងពីរ Jeonbuk Motor របស់កូរ៉េត្រូវជួបជាមួយក្លិបជប៉ុន Urawa Red Diamonds។ ក្រុមបាល់ទាត់កូរ៉េ Jeonbuk Motors ដែលជាអតីតជើងឯកនៅឆ្នាំ២០០៦ និង ២០១៦ បានយកឈ្នះក្រុមជប៉ុន Vissel Kobe នៅម៉ោងបន្ថែម ១៥នាទីពីរដង ៣-១។

Vissel Kobe ដែលទើបទំលាក់ Yokohama នៅវគ្គ ១៦ក្រុមបាននាំមុខមុនក្នុងការប្រកួតនេះនៅនាទីទី៦៤ ដោយ Koya Yukuri មុនពេលដែល Jeonbuk តាមស្មើវិញពីរនាទីក្រោយមកដោយ Modou Secka Barrow។ លុះដល់វគ្គបន្ថែម ១៥នាទីពីរដងកាត់សេចក្តី Jeobuk Motors ក៏រកបានពីរគ្រាប់ដោយ Gustavo នាទីទី១០៤ និង Seon-min Moon នាទីទី១២០+២។ ងាកមកមួយប្រកួតទៀតជើងឯកពីរសម័យដូចគ្នា Urawa Red Diamonds បានយកឈ្នះក្រុមជើងឯកថៃ BG Pathum United ៤-០ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League ជាលើកទី៥។ ៤គ្រាប់របស់ Urawa ធ្វើបានក្នុងវគ្គទី១ ពីរគ្រាប់ដោយ David Modberg Karlsson និង Takuya Iwanami និងពីរគ្រាប់ទៀតនៅវគ្គទី២ ដោយ Yoshio Koizumi និង Takahiro Akimoto។ ក្រុមទាំងពីរ Urawa Red Diamonds និង Jeonbuk Motors នឹងត្រូវជួបគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីកៅអីនៅវគ្គផ្តាច់ព្រ័ត្ររង់ចាំក្រុមមកពីតំបន់អាស៊ីខាងលិច។ ក្រុមនៅតំបន់អាស៊ីខាងលិចទើបបញ្ចប់វគ្គ ១៦ក្រុមចុងក្រោយប៉ុណ្ណោះ ខណៈវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ឯណោះ៕
អត្ថបទ៖នាង សុភាវុធ