ភ្នំពេញ៖ មន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាថា នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថានធនាគារ និងហិរញវត្ថុ បាននិងកំពុងគាំទ្រដល់ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈការបន្តអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន និងមានទំនើបកម្ម ជាពិសេស សេវាហិរញ្ញវត្ថុឌីជីថល។
លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគមីក្រូហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជាលើកឡើងនៅក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមគម្រោង "ការបង្កើតភាពអង់អាចសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថល" នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះថា បរិយាបន្នហិរញ្ញវត្ថុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
បរិយាបន្នហិរញ្ញវត្ថុ គឺជាលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា សមស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់។
លោក បន្តថា ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ឲ្យបានពាក់កណ្ដាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ។
លោក ម៉ែន ភក្តី បញ្ជាក់បន្ថែមថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយ គ្រឹះស្ថានធនាគារ និងហិរញវត្ថុ បាននិងកំពុងគាំទ្រដល់ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈការបន្តអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន និងមានទំនើបកម្ម ជាពិសេស សេវាហិរញ្ញវត្ថុឌីជីថល ក្នុងនោះធនាគារជាតិនៃកម្ពុជាក៏បានរៀបចំឲ្យមាននូវបរិស្ថានអំណោយផលល្អ សម្រាប់ជំរុញការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការគាំទ្រនវានុវត្តន៍ក្នុងវិស័យធនាគារ ដែលរួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល (ជាក់ស្ដែង KHQR កូដ), ការរៀបចំក្របខណ្ឌបទប្បញ្ញត្តិនិងត្រួតពិនិត្យ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។
ជាពិសេស ធនាគារជាតិនៃកម្ពុជាបានរៀបចំផែនទីមគ្គុទ្ទេសក៍អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២០-២០២៥ ដែលបង្កើតឡើង ដើម្បីតម្រង់ទិសសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា៕
អត្ថបទ៖ Maen Pheakdey