ភ្នំពេញ៖ សិប្បករ និងមន្ត្រីជំនាញពាក់ព័ន្ធកំពុងប្រឹងប្រែងសម្របសម្រួល នាំចេញទឹកត្រីកំពត ដោយសារទឹកត្រីកំពតត្រូវបានទទួលស្គាល់ទាំងគុណភាព និងស្តងដារនៃការផលិតវេចខ្ចប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។
លោក ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូដប្រូដាកសិន អូហ្វកំពត បានប្រាប់ឲ្យដឹងថា ទឹកត្រីកំពតផលិតឡើងតាមលក្ខណៈប្រពៃណីតពីដូនតា រាប់ជំនាន់មកហើយ។ វត្ថុធាតុផ្សំ និងឧបករណ៍ផលិតទឹកត្រីកំពត មានដូចជា៖ ត្រីកាកឺមសមុទ្រ អំបិលកំពត និងធុងឈើបុរាណសម្រាប់ធ្វើរំហួតដោយប្រើរយៈពេលមួយឆ្នាំពេញ ដែលជួយដល់ភាពងំឈ្ងុយរបស់ទឹកត្រី និងមានកម្រិតប្រូតេអ៊ីនខ្ពស់ ខុសពីទឹកត្រីផ្សេងៗ។ ចំពោះគុណភាព និងស្តងដានៃការផលិត វេចខ្ចប់ ត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោក បានបន្តថា ដោយសារកង្វះ វត្ថុធាតុដើម និងឧបករណ៍វេចខ្ចប់ដែលត្រូវនាំចូលពីក្រៅប្រទេស ទឹកត្រីង៉ូវ ហេង របស់លោក អាចផលិតបានជាង ៥០ម៉ឺនលីត្រក្នុងមួយឆ្នាំ ហើយបរិមាណនេះមិនទាន់អាចផ្តគ់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបាននៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបាននឹងកំពុងរៀបចំខ្លួន បង្កើនបរិមាណផលិត ដើម្បីឈានទៅសម្រេចគោលដៅ ពង្រីកទីផ្សារក្រៅប្រទេសឲ្យបានក្នុងពេលឆាប់ៗ ព្រោះលោកចង់ឲ្យ បងប្អូនខ្មែរទៅដល់ទីណា ឃើញផលិតផលខ្មែរនៅទីនោះ។
លោក សុខ គឹមជឿន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់ឲ្យដឹងថា ខេត្តកំពតមានសិប្បកម្មផលិតទឹកត្រីចំនួន១០ កន្លែង។ លោក បានបញ្ជាក់ថា បច្ចុប្បន្នមន្ត្រីផលិជំនាញពាក់ព័ន្ធកំពុងចងក្រងជាសមាគមផលិតទឹកត្រីកំពត-កែប ដើម្បីធ្វើការចុះបញ្ជីម៉ាក់តផល សម្គាល់ភូមិសាស្ត្រផង និងបង្កភាពងាយស្រួលក្នុងការនាំចេញនៅថ្ងៃមុខផង ។
ដោយឡែកចំពោះទឹកត្រី ង៉ូវ ហេង លោក បានបញ្ជាក់ដែរថា ទទួលបាន អាជ្ញាបណ្ណនាំចេញទៅក្រៅប្រទេសរួចហើយ គឺរង់ចាំតែបរិមាណនៃការផលិតឲ្យឆ្លើយតបនឹងការនាំចេញប៉ុណ្ណោះ៕
អត្ថបទ៖ អន សារឹម